ជឿទេថា ទំនាក់​ទំនង​កញ្ញា ចំរើន សុភ័ក្ត្រ​ និង​នួន សុធារ័ក្ស ត្រឹម​ជា​មិត្ត​ក្នុង​សិល្បៈ​!

41


ភ្នំពេញៈ  ជារឿយ​ៗ​គេ​តែង​ឃើញ​កញ្ញា ចំរើន សុភ័ក្រ តារាចម្រៀង​ស្រី ដែលជា​បេក្ខជន​ប្រឡង​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី The Voice Cambodia នា​រដូវកាល​ទី ១ ​និង​លោក នួន សុធារ័ក្ស ជា​បេក្ខជន​ប្រឡងដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ក​ម្ម​​វិធី​ Cambodian Idol រដូវ​កាល​ទី​២ បា​ន​បង្ហាញ​ពី​ភាព​ស្និទ្ធិ​ស្នាល​ខ្លាំង​លើស​ពី​ធម្មតា​ រហូត​មហាជន​​លួច​បញ្ចេញ​មតិ​ និង​លើកឡើង​ស្រប​គ្នា​ថា តារា​ពីរ​ដូង​នេះ ទំនង​ជា​កំពុង​​តែ​​បាន​បន្ថែមនូវ​​កម្រិត​​នៃ​សម្ព័ន្ធភាព​ជា​មិត្ត​លើ​វិថី​សិល្បៈ​ហើយ ​តាម​រយៈ​សកម្ម​ភាព​សិ្នទ្ធិស្នាល​រវាង​​អុ្នក​​ទាំង​២​តែ​​ម្តង​​។​

មួយ​​រយៈ​​ចុង​ក្រោយ​នេះ មហាជនបាន​​កត់សម្គាល់ឃើញ​​ថា តារា​ចម្រៀង​ស្រី​កំពុង​តែ​មាន​រូប​សម្ផស្ស​ស្រស់​​ស្អាត ​បច្ចុប្បន្ន​កំពុង​តែ​ជ្រក​ក្រោម​ទ្រនំ We Production ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ផលិត​កម្ម​ហង្ស​មាស កញ្ញា ចំរើន សុភ័ក្រ និង​តារា​ចម្រៀង​ប្រុស​មាឌដាំង​​​លោក នួន សុធារ័ក្ស ​ ហាក់​មាន​ភាព​ឈាន​មួយ​​កម្រិត​ថែម​ទៀត​លើស​ពី​សម្ព័ន្ធជា​មិត្ត​រួម​អាជីព​ក្នុង​វិស័យ​សិល្បៈ​។

​បើ​តាម​ការ​អះអាង​របស់​តារា​ចម្រៀង​ប្រុស​មាឌធំ​ដាំង សំឡេង​ធ្ងន់​លោក នួន សុធារ័ក្ស​ ដែលជា​តារា​​ចម្រៀង​ប្រុស​ជ្រក​ទ្រនំ​ភ្លេង​រីខតនោះ ​ប្រាប់​ឲ្យ​ដឹង​ថា សម្ព័ន្ធ​ភាព​រវាង​លោក និង​កញ្ញា ចំរើន សុភ័ក្រ គឺ​មិន​មាន​អ្វី​លើស​ ឬ​ហួស​ពី​មិត្តភក្តិ​ឡើយ​ ហើយជា​មិត្តជិត​​សិ្នទ្ធិទៀត​ផង​។ តារា​ចម្រៀង​ប្រុស​មាន​ស្រុកកំណើត​មក​ពី​ខេត្ត​ពោធិសាត់​ ជា​បេក្ខជន​បាន​ប្រកួត​ប្រជែង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​ Cambodian Idol រដូវ​កាល​ទី​២នោះ​​បាន​បក​ស្រាយ​ចម្ងល់​ពាក់​ព័ន្ធ​នឹង​​សម្ព័ន្ធ​ភាព​ខ្លួន និង​កញ្ញា ចំរើន សុភ័ក្រ​​ថា៖ «​ប្រសិន​និយាយ​ពី​ការ​ស្គាល់​គ្នា​វិញ​នោះ យើង​ទាំង​ពីរ​នាក់​ជា​មិត្ត​នឹង​គ្នា​តាំង​មុន​ពេល​ខ្ញុំ​ចូល​ប្រឡង​កម្ម​វិធី​​ Cambodian Idol ម្ល៉េះ ហើយ​មួយ​រយៈ​ចុង​ក្រោយ ​ដែល​ពួក​​យើង​ថត​រូប​បែប​សិ្នទ្ធិ​ស្នាល​នេះ ក៏ព្រោះ​តែ​យើង​មាន​ការ​ងារ​សិល្បៈ​ត្រូវ​ធ្វើ​ជាមួយ​គ្នា​ច្រើន ដូច្នេះ​យើងក៏​​​សម្បូរ​ពេល​ថត​រូប​លេង​ជាមួយ​គ្នា​ក៏​ច្រើន និង​បង្ហោះ​តាម​បណ្តាញ​សង្គម​​​»៕​