ផែនដីនឹងកើនឡើងកម្តៅរហូតដល់ «៧អង្សាសេ» បន្ថែមទៀតនៅឆ្នាំ២១០០ បើសិនជានៅបន្តបំផ្លាញបរិស្ថានដូចរាល់ថ្ងៃនេះ

59


(បរទេស)៖ គំរូសិក្សាថ្មីអំពីអាកាសធាតុភពផែនដីបានបង្ហាញថា ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាស តាមរយៈចំហេះឥន្ធនៈហ្វូស៊ីល កំពុងធ្វើឲ្យភពយើងកើនឡើងកម្តៅឆាប់រហ័ស ជាងការរំពឹកទុកនាពេលកន្លងមកទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមគំរូសិក្សាអាកាសធាតុរបស់ មជ្ឈមណ្ឌលស្រាវជ្រាវនាំមុខគេចំនួនពីរ នៅឯប្រទេសបារាំងបានបង្ហាញថា រយៈពេលរហូតដល់ឆ្នាំ២១០០ កម្រិតសីតុណ្ហភាពជាមធ្យមនៅលើផែនដីអាចកើនឡើង ៦.៥ ទៅ ៧.០អង្សាសេបន្ថែមពីលើសីតុណ្ហភាពនាពេលបច្ចុប្បន្ននេះ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​នៅតែបន្តក្នុងកម្រិតបច្ចុប្បន្ន ដោយគ្មានការកាត់បន្ថយទេនោះ។ ការព្យាករណ៍នេះគឺមានកម្រិតខ្ពស់ជាងការព្យាករណ៍ កាលពីប៉ុន្មានឆ្នាំមុន។

គំរូសិក្សាថ្មីដដែលនោះថែមទាំងបានលើកឡើងថា គោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ស្តីពីការកំណត់យ៉ាង ណាឲ្យកំណើនសីតុណ្ហភាពពិភពលោកនៅក្រោម ២អង្សាសេ ឬនៅត្រឹម ១.៥អង្សាសេបើអាចទៅរួចនោះ ក៏នឹងកាន់តែពិបាកក្នុងការសម្រេចឲ្យបានផងដែរ។

គួរជម្រាបថា បើតាមគំរូសិក្សាអាកាសធាតុជាច្រើនកាលពីឆ្នាំ២០១៤ បានបង្ហាញថា កម្រិតសីតុណ្ហភាពលើភពផែនដីនឹងកើន «៣អង្សាសេ» បន្ថែមនៅពេលដល់ឆ្នាំ២១០០ ឬកើនត្រឹមយ៉ាងហោច ២អង្សាសេ ប្រសិនបើកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទទួលបានជោគជ័យ។ លទ្ធផលសិក្សាថ្មីខាងលើនេះ ក៏អាចនឹងត្រូវយកទៅដាក់ជំនួស ទៅហ្នឹងលទ្ធផលសិក្សាចាស់នៅអង្គការសហប្រជាជាតិ (UN) ផងដែរ៕

ប្រភព Freshnews