បងប្អូនពលករ-ពលការិនីទាំងអស់ ហាមដាច់ខាតយកសាច់ប្រភេទនេះដាក់តាមវ៉ាលីចូលប្រទេសកូរ៉េ

37


ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានជូនដំណើរបងប្អូនពលករ-ពលការិនីចំនួន ៣០នាក់ ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសក៏បានផ្តាំផ្ញើបងប្អូនឱ្យថែទាំសុខភាព គោរពច្បាប់ការងារ និងជូនពរទទួលបានជោគជ័យក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។ ក្នុងនោះដែរ តំណាងក្រសួងមុខរបរ និងការងារកូរ៉េ (HRD-Korea)ប្រចាំនៅកម្ពុជា ក៏បានលើកឡើងពីបញ្ហាជំងឺផ្តាសាយជ្រូកអាហ្វ្រិកនៅសាធារណរដ្ឋកូរ៉េ ដែលតម្រូវឱ្យពលករ-ពលការិនីបរទេសទាំងអស់ ដាច់ខាតមិនត្រូវនាំយកសាច់ស្រស់ សាច់ក្រៀម និងផលិតផលកសិកម្មដែលអាចមានមេរោគឆ្លងចូលទៅសាធារណរដ្ឋកូរ៉េឡើយ។

បន្ទាប់ពីបានសំណេះសំណាល និងណែនាំព័ត៌មានអំពីផលិតផលហាមឃាត់មិនឱ្យយកចូលសាធារណរដ្ឋកូរ៉េទៅកាន់បងប្អូនពលករ-ពលការិនីរួចមក តំណាងក្រសួងមុខរបរ និងការងារកូរ៉េ (HRD-Korea) ក៏បានធ្វើការត្រួតពិនិត្យវ៉ាលីរបស់បងប្អូនពលករ-ពលការិនីដោយផ្ទាល់ ដើម្បីបញ្ជាក់ថា បងប្អូនពិតជាមិនបាននាំយកផលិតផលហាមឃាត់ក្នុងការនាំចូលទៅសាធារណរដ្ឋកូរ៉េប្រាកដមែនផងដែរ។

ជាចុងក្រោយ ក្នុងនាមគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករបរទេស ក៏ដូចជាតំណាងក្រសួងមុខរបរ និងការងារកូរ៉េ (HRD-Korea) ក៏បានជូនពរបងប្អូនពលករ-ពលការិនីធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការងារទាំងអស់គ្នា៕

ប្រភព៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស