ខ្សែភាពយន្តខ្មែរប្រវត្តិសាស្ត្រខ្នាតធំ « ហ្លួងព្រះស្តេចកន» ត្រៀមចាក់បញ្ចាំងម្តងទៀត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ

2582


« ហ្លួងព្រះស្តេចកន» ដែលជាខ្សែភាពយន្តខ្មែរប្រវត្តិសាស្ត្រខ្នាតធំ ទទួលបានភាពល្បីល្បាញតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ នឹងវិលត្រឡប់មកសាជាថ្មីក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្តងទៀត ដោយផ្តល់ជូននូវតម្លៃសំបុត្រចូលទស្សនាយ៉ាងពិសេសថែមទៀតផង។

ក្រោមស្នាដៃនិពន្ធយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯក ឧត្តម ម៉ៅ អាយុទ្ធដែលលោកបានចំណាយពេលរហូតដល់ទៅ២ឆ្នាំ ជាមួយនឹងឆន្ទៈ កម្លាំងកាយ ចិត្ត និងថវិកាយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាឱ្យរឿងប្រវត្តិសាស្ត្រនេះ បានសាយភាយទៅដល់មហាជន ក៏ដូចជាក្មេងៗជំនាន់ក្រោយឱ្យបានដឹង បានឃើញ។ ក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាល្បីៗ ដូចជា លោក ទេព រិនដារ៉ូ, កញ្ញា ស៊ិន សក្កដា លោក រស់ សោភ័ណ្ឌ, កញ្ញា ឆុំ វត្តី,លោក ហេង ប៊ុនលាភ, អ្នកស្រី ឌី សាវ៉េត, លោក ជា សំនៀង, លោក សុខ ដែន ព្រមទាំងតារាប្រុសស្រីជាច្រើននាក់ទៀត។

ជាមួយគ្នានេះដែរ សម្រាប់ទស្សនិកជនដែលមិនទាន់បានទស្សនា ក៏ដូចជាអ្នកដែលចង់ឃើញនូវគ្រប់ឈុតឆាក សិល្បៈនៃការសម្តែង អមជាមួយនឹងការបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលមាននៅក្នុងភាពយន្តប្រវត្តិសាស្រ្តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាម្តងទៀត នាឱកាសឈប់សម្រាកជាច្រើនថ្ងៃខាងមុខនេះ អាចអញ្ជើញចូលទស្សនាការចាក់បញ្ចាំងឡើងវិញ នៅគ្រប់រោងភាពយន្ត Legend Cinema ចាប់ពីថ្ងៃទី ២៣ ខែកញ្ញានេះតទៅ។

ទន្ទឹមគ្នានឹងការចូលខ្លួនមកកំដរចំណីចក្ខុជាថ្មីនាចុងឆ្នាំ២០១៩ រឿងប្រវត្តិសាស្ត្រដែលផ្តើមចេញពីស្នាដៃនិពន្ធយ៉ាងល្អបំផុត និងការដឹកនាំសម្តែងចេញពីវីដេអូខ្នាតធំប្រកបដោយគុណភាពមួយនេះ ក៏សូមថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាទស្សនិកជនទាំងជាតិ និងអន្តរជាតិ ដែលបន្តគាំទ្រពេញទំហឹង ដែលជាកម្លាំងចិត្តដ៏ខ្លាំងក្នុងការរុញច្រានឱ្យទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើទីផ្សារ ក៏ដូចជាបានចូលរួមលើកស្ទួយវប្បធម៌ខ្មែររីកមុខមាត់នៅលើសកលលោក។

សូមកុំឱ្យឱកាសនៃការទស្សនាសាច់រឿងខ្មែរដ៏ល្អឯកនេះ រំលងផុតពីខ្សែចក្ខុលោកអ្នកឱ្យសោះ ដោយមកជាមួយនឹងការបញ្ចុះតម្លៃសំបុត្រក្នុងមួួយនាក់ត្រឹមតែ ២ ដុល្លាតែប៉ុណ្ណោះ៕