ទៅ​គាំទ្រ​ផង! ក្រុម​សៀក​​ហ្វាពន្លឺ​សិល្បៈ​ និង​​ក្រុម​សៀក​ប្រទេស​អូទ្រីស សម្តែងទស្សនិយ​ភាព​​ថ្មី​!

58


ក្រុង​​បាត់​ដំបងៈ ទស្សនិយ​​ភាព​​សម្តែង​​សៀក ដែល​​​បង្កើត​​ថ្មី​​​ឈ្មោះ​​ថា «Fence-របង» ​នឹងចាប់​ដៃ​​​គ្នា​​​​​​​សម្តែងសៀក​ចែក​ជូន​ទស្សនិកជន​​ចូល​​រួមដោយ​សេរី​នៅ​រោង​សៀក​​សាលា​​ហ្វារពន្លឺសិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង​ ​គឺជា​ការ​សម្តែង​វាង​ក្រុម​សិល្បៈ​សៀក​របស់​សិស្ស​សាលា​ហ្វារពន្លឺ​សិ​ល្បៈ​ និង​ក្រុម​សៀក​​​របស់​ក្រុ​ង​រីយែន​ មកពី​ប្រទេស​​អូទ្រីស នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៩​ខាង​​មុខនេះ​។
ការសម្តែងថ្មីមួយនេះ​គឺជាសមិទ្ធ​ផល​នៃ​កិច្ចស​ហ​ប្រតិបត្តិការ​ថ្មី​រវាង​សាលា​ទស្សនិយ​ភាពហ្វារ និង​ក្រុម​សិល្បៈ​ល្ខោនមកពីទីក្រុងរីយែន​​ ប្រទេសអូទ្រីស​ ដែល​មាន​ក្រុម​សិល្បករ-សិល្បការិនី​ ទាំង​ពី​រ​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី និង​មួយ​នៅ​តំបន់​អឺរ៉ុប​ អាច​មាន​ឱកាស​​​រួម​សម្តែងជាមួយ​គ្នា​លើក​ដំបូង​ផងដែរ​​​​។​

បើ​តាម​សម្តី​លោក អេនដ្រាស៍ ចាហ្វណឺត(Andreas Jaehnert) ដែលជា​នាយក​គម្រោង​ថ្មី​របស់​មហោ​ស្រព​ the theater der sprachfe​hler នៅ​​អាស៊ី​​ ​បាន​ឲ្យ​ដឹង​ថា៖ « ទស្សនិយ​​ភាព​​សម្តែង​​សៀកដែល​មាន​ឈ្មោះ​​ថា Fence-របង នេះ​គឺ​ជា​ការ​បង្កើត​ថ្មី​មួយ​ ដោយ​ចង់​ឲ្យ​ក្រុម​សៀក​របស់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៃ​​តំបន់​អាស៊ី​​ និង​ក្រុម​សៀក​មក​ពី​ទី​ក្រុង​រីយែន ប្រទេស​អូទ្រីស ដែល​នៅ​តំបន់​អឺរ៉ុប​ អាច​មាន​ការ​រួម​ស្មារតី​​គ្នា​នៅ​លើ​ឆាកសិល្បៈ​​សម្តែង​សៀក​ នា​ឱកា​ស​ថ្ងៃ​ទី​៤ ខែ​តុលា ខាង​មុខ​នេះ​។ តាម​ដឹង​កន្លង​មក​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​តែង​តែ​បែង​ចែក​ទី​កន្លែង​គ្នា​ ​ក្រុម​សិល្បករ-សិល្ប​ការិនី និង​វ័យ​ ផង​ដែរ​។ ការ​សម្តែង​នេះ យើ​ង​ក៏​ចង់​ឲ្យ​មាន​ការ​បង្កើត​និមិត្ត​សញ្ញាណ​ និង​ប្រពៃ​​​ណី​រវាង​ប្រជាជនខ្មែរ និង​អឺរ៉ុប​ ក៏​ដូចជា​ការ​បង្កើត​ប្រវត្តិ​សាស្រ្ត​នៃ​មនុស្ស​ជាតិ​ តាម​រយៈ​សហគមន៍ និង​សង្គម​មនុស្ស​ រហូត​បង្កើត​បានជាស្ថាប័ន​​ច្បាប់​ និង​រដ្ឋាភិបាល​​»។ ​លោក​បន្ត​ថា៖ «តាម​រយៈ​ការ​សម្តែង​សៀក​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្ទាំង​ទស្សនិយភាព​នៃ​ការ​បង្កើត​រចនា​សម័្ពន្ធ​ និង​បង្កើត​ជាចម្ងល់​សូរ​នាំ​ថាតើ​វា​ចាំ​បាច់​ទេ​ក្នុង​ការ​បោះ​បង់​ចោល​នូវ​បញ្ញតិ​គំនិត​ប្រកាន់​គ្នា​ថា​​ល្អ និង​អាក្រក់​ ដរាបណា​យើង​ចង់​បាន​ភាព​រុង​រឿងនោះ»​​។​​​

​លោក អេនដ្រាស៍ ចាហ្វណឺត ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា៖ «សម្រាប់​អ្នក​នៅ​លោក​ខាង​លិច ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាប្រទេស​កំពុង​អភិ​វឌ្ឍ​។ ហើយ​យើង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​​ទំនាក់​ទំនង​នៃ​អន្តរ​ភាព​​​របស់​មនុស្ស​ថា​តើ​មាន​លក្ខណៈ​យ៉ាងណា​។​ ដោយ​ឡែក​ខ្ញុំ ក៏​ធ្លាប់​បាន​មក​រស់នៅ​ និង​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​រយៈ​ពេល​ ៣​ ខែ កាល​ពី​ឆ្នាំ​២០១២​ ​ ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​នឹង​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ផង​ដែរ​។ ហើយ​នេះ​អាច​និយាយ​បាន​ថា ជា​ហេតុ​ផល​មួយ​នៃ​ការ​បង្កើត​ឲ្យ​មាន​សម្តែង​រួម​គ្នា​មួយ​រវាង​ក្រុម​សៀក​ទាំង​ពី​រ​ប្រទេស​ឡើងជា​លើក​​ដំបូង​ ក្រោម​គម្រោង​សម្តែង​ថ្មី​មាន​ឈ្មោះ​​ថា​​«Fence-របង» នេះ​ឯង​»។​
លោក ឃួន ចាន់​រស្មី​ ជា​នាយ​រង​ផ្នែក​​សម្តែង​​សិល្បៈ (Performing Arts School )​​ នៃ​សាលា​ហ្វារពន្លឺ​សិល្បៈ​បាន​ថ្លែង​ថា៖«​យើង​រំភើប​ចិត្ត​ ដែល​មាន​ការ​យល់​ព្រម​គ្នា​ ​ក្រោយ​ពី​បាន​ពិភាក្សា​ទាំង​ពីរ​ភាគី​មក​ក៏​សម្រេច​ឲ្យ​មាន​​ការ​បង្កើត​គម្រោង​សម្តែង​​ថ្មី​មាន​ឈ្មោះ​​ថា​​ «Fence-របង» នេះឡើង​ ដែល​ជា​ការ​សម្តែង​​លើក​ដំបូង​ក្នុង​តង់​សម្តែង​របស់សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ នៅ​វេលា​ម៉ោង ៤ រ​សៀល ថ្ងៃ​ទី ៤ ខែ​តុលាឆ្នាំ ២០១៩»។​