សុំ​សរសើរ! ស្រ្តី​ជប៉ុនរូបនេះ ដែល​បាន​បង្កើត​កម្ម​វិធី​​តន្រ្តីសប្បុរស​​ធម៌​​​​ជួយអ្នក​​សិល្បៈ​នៅ​កម្ពុជា​

52


ភ្នំពេញៈ ព្រោះ​តែមាន​សេច​ក្តី​អាណិត​អាសូរ និង​មាន​ចំណូល​លើ​វិស័យ​សិល្បៈ​ក្លាស៊ីក​ ទើប​​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ជនជាតិ​ជប៉ុន​​ម្នាក់​គឺ​លោក​ស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា បាន​​បង្កើត​ការ​​ប្រគំតបន្រ្តី​បែប​ក្លា​ស៊ីក​​មួយ​ឈ្មោះ​ថា​ « Musica Felice Charity Concert» ដែល​មាន​​គោល​ចង់​លើក​ស្ទួយ​​វិស័យ​សិល្បៈ​​បុរាណ​ ឬ​តន្រ្តី​​ក្លាស៊ីក​ ជា​ពិសេស​ក្រុម​សិល្បករ-ការិនី ខ្មែរ ដែល​មាន​ជំនាញ ឬ​មាន​ចំណូល​ចិត្ត​លើ​​វិស័យ​សិល្បៈ​បុរាណ​ ដែល​មិន​សូវ​មាន​​ឱកាស​ ជា​លទ្ធ​ភាព​​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​ខ្លួន​តាម​ជំនាញ​​សិល្បៈ​នេះ​​​តែ​ម្តង​។​
ក្រោយ​ពី​មក​រស់​នៅ និង​ធ្វើ​ការ​​នៅ​​ភ្នំពេញ​​អស់​ប្រមាណ​​ ៩ ឆ្នាំ តាម​ស្វាមីជន​ជាតិ​ហូឡង់ ដែល​បម្រើ​​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​​​មន្រ្តី​​​អង្គការ​សហ​ប្រជាជាតិ​​ គឺ​ធ្វើ​ការ​ងារ​នៅ​សា​លា​​ក្តី​ខ្មែរ​​ក្រហមជិត​១០​មក​ហើយ​នោះ​​​ លោក​ស្រី​​បាន​បង្កើត​ក្រុម​តន្រ្តី​​ក្លាស៊ីក​​ឈ្មោះ​ Musica Felice Choir នៅក្នុង​​​​ឆ្នាំ​២០១៧​​ ហើយ​ចាប់​ផ្តើម​ដំណើរ​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​លើក​ដំបូង​ដើម្បី​ជួយ​សហគមន៍​ក្រី​ក្រខ្មែរ​ចាប់​ពីពេល​នោះមក។

លោក​​ស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា ប្រាប់​ថា តាម​ពិត​ទៅ​ គម្រោង​បង្កើត​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​នេះ យើង​​មាន​ការ​ផ្តួច​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៦​មក ខណៈ​ការ​ចាប់​ផ្តើម​ប្រគំ​តន្រ្តី​សប្បុរស​ធម៌​លើក​ដំបូង​របស់​យើង​ បាន​ចាប់​ដំណើរ​ការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​ធ្វើ​នៅ​ឯ​នៅ​ក្នុងសណ្ឋាគារ​សូហ្វីតែល ខណៈ​កម្ម​វិធី​នេះ​យើង​បាន​ប្រារព្ធ​ធ្វើ ​២​ ដង ​ក្នុង​ ១​ឆ្នាំ​​។​ ក្រុម​សិល្បករ​-ការិនី ​​របស់​យើង​មានទាំង​អ្នក​មាន​ជំនាញ​ និង​​គ្មាន​​​ជំនាញ​ មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកល​​លោក​ ហើយ​បើ​ទោះ​បីជា​ពួក​យើង​មាន​ជំនាញ និង​ប្រវត្តិ​រូប​ខុស​គ្នា​មែន​ក្តី តែ​ពួក​យើង​មាន​ចំណុច​រួម​មួយ​ដូចគ្នា​គឺតន្រ្តី​ក្លាស៊ីក​​។

ចំណែក​ឯ​​ប្រាក់ ដែលបាន​ពី​​​លក់​សំបុត្រ​នៃ​ការ​ប្រគំតន្រ្តី​សប្បុរសធម៌​ទាំង​អស់ ត្រូវ​បាន​យក​ទៅ​ផ្គត់​ផ្គង់​​ផ្នែក​​​នានា​ក្នុង​​សហគមន៍​ក្រី​ក្រី​​ខ្មែរ ដោយ​​ក្នុង​​នោះ​មាន​ក្រុមអ្នក​សិល្បៈ​​បុរាណ​​វ័យ​ក្មេង និង​ក្រុម​តន្រ្តី​​ករ​មាន​ទេព្យ​កោសល្យ​ ដែល​​​​មាន​ចិត្ត​ស្រឡាញ់​​ជំនាញ​​នេះ តែ​ខ្វះ​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា និងជួយ​ផ្គត់​ផ្គង់​ដល់​សាលា ឬ​អង្គការ​ដែល​បង្រៀន​​ផ្នែក​​សិល្បៈ​​ដល់​កុមារ​ក្រី​ក្រ​ ដើម្បីជា​ទុន​សម្រាប់​ជា​មុខ​របរ​ចិញ្ចឹម​ជីវិតខ្លួន​គេ​​»។​​
​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំតន្រ្តី​សប្បុរសធម៌​របស់​លោកស្រី​ មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា ក៏​នឹង​ចាប់​ផ្តើម​លក់​នៅខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ផង​ដែរ​​នៅ​សណ្ឋាគារ​សូហ្វីតែល និង​ហាង​កាហ្វេ​ Socials coffee ​ដែល​ស្ថិត​នៅ​​លើ​ដងមហា​​វិថី​ព្រះនរោត្តម។ សំបុត្រ​ ១ តម្លៃ ១០ ដុល្លារ សម្រាប់​មនុស្ស​ពេញវ័យ ១ សន្លឹក សម្រាប់​ក្មេង​វ័យ​ ៥ ឆ្នាំ ដល់ ១៥ ឆ្នាំ ​១ សន្លឹកតម្លៃ ៣ ដុល្លារ សម្រាប់​និស្សិត​ខ្មែរ និង​ឥត​គិត​ថ្លៃ​សម្រាប់​ក្មេង​មាន​វ័យ​ក្រោម ​៥​ ឆ្នាំ។​

ខណៈ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ គឺ​ជា​ការ​ប្រារព្ធធ្វើ​លើក​ទី​៦ របស់​ក្រុម​តន្រ្តី​ករ​​ Musica Felice Choir ដោយ​មាន​ក្តី​រំពឹង​ថាមាន​អ្នក​ចូល​រួម​ទស្សនា​ចំនួន ១០០០ នាក់​ មក​ចូល​រួម​​នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល​​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ម្យ៉ាង​វិញ​ទៀត សម្រាប់​ការ​ប្រគំតន្រ្តី​លើក​ទី​៦ នេះ​ផង​ដែរ យើង​ក៏​មាន​គោល​ដៅ​សម្រាប់​នាំ​ថវិកា​ទៅ​ជួយ​សហគមន៍​​ខ្មែរ​​២​កន្លែង​គឺ មណ្ឌល​ Chandara Vocational Training Center និង​​សាលា​តន្រ្តី​ភូមិ​ភ្លេង៕​