ទារិកាចម្លែកអាយុទើប១៤ខែ ផឹកកាហ្វេខ្មៅ ១,៥ លីត្រក្នុងមួយថ្ងៃជំនួសទឹកដោះគោ

22


ទារកទារិកាស្ទើរតែ ៩៩,៩៩% នៅលើពិភពលោកនេះត្រូវការញ៉ាំទឹកដោះគោដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ ប្លែកអីតែទារិកាអាយុ ១៤ ខែម្នាក់នេះ បែរជាផឹកកាហ្វេខ្មៅចំនួន ១,៥ លីត្ររាល់ថ្ងៃទៅវិញជំនួសដោយការញ៉ាំទឹកដោះគោ។ ទារិកាចម្លែកនេះមានឈ្មោះថា Hadijah រស់នៅក្នុងខេត្ត West Sulawesi ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ឪពុកនិងម្តាយរបស់ទារិការូបនេះមានឈ្មោះថា Safiruddin និង Anita មានមុខរបរជាកម្មករនៅក្នុងចំការដូងប្រេងដែលមានប្រាក់ចំណូលចំនួន IDR ២០ ០០០ (១,៥ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ហើយក្នុងថ្ងៃខ្លះពួកគេគ្មានការងារធ្វើនោះទេ។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ព្រោះកត្តាជីវភាពខ្សត់ខ្សោយនេះហើយទើបគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទឹកដោះគោឲ្យទារិកា Hadijah ផឹក និងជំនួសវិញដោយការផឹកកាហ្វេខ្មៅលាយជាមួយនិងស្ករសក្នុងមួយថ្ងៃ ១,៥លីត្រ។ ម្តាយឪពុករបស់ទារិកា Hadijah បានអះអាងថា កូនស្រីរបស់គាត់មានទម្លាប់ផឹកកាហ្វេតាំងពីអាយុ ៦ ខែមកម្លះ ឥលូវនាងមានអាយុ ១៤ ខែ ហើយនាងជាក្មេងមានសុខភាពមាំមួន និងរហ័សរហួនម្នាក់ បើទោះជានាងផឹកតែកាហ្វេជំនួសទឹកដោះគោក៏ដោយ។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍សុខភាពជាច្រើនបានលើកឡើងថា មនុស្សក្រោមអាយុ ១៨ ឆ្នាំមិនគួរញ៉ាំភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង៕

ប្រភព Khmernote.com