អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង នៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត

31


ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងទទួលទានគ្រឿងស្រវឹងនៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

ទីតាំងដែលក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងករណីហួសកាលបរិច្ឆេទអប់រំណែនាំ ហើយសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹងនៅតែបន្ត នោះក្រុមការងារចម្រុះនឹងអនុវត្តវិធានការរដ្ឋបាលចាំបាច់នានា។

ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យមានការចូលរួមសហការបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹង នៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្តឱ្យបានជាដាច់ខាតចាប់ពីពេលនេះតទៅ៕

  

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ ហាប់ គឹមអាន