យ៉ាំងគួ និងសៀវ ឡុងនី ធ្វើពិធី​ខួប​អាពាហ៍​ពិពាហ៍ ១០ឆ្នាំ បង្ហាញ​ភាព​ផ្អែម​ល្ហែម​ដាក់​គ្នា

46


(ចិន)៖ អ្នកនាង Fann Wong និងលោក Christopher Lee ត្រូវបានទស្សនិកជនដឹងថា អ្នកទាំងពីរបានចូលរួម សម្តែងភាពយន្តភាគជាមួយគ្នា ក្នុងរឿង «ទេពឥន្ទ្រីបក្សីស្នេហ៍» ជាតួអង្គ សៀវ ឡុងនី និងយ៉ាំងគួរ។ យ៉ាងណាមិញ ជីវិតពីក្រោយសិល្បៈ អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា ហើយតែងតែបង្ហាញភាពផ្អែមល្ហែម ដល់ទស្សនិកជនជាញឹកញាប់ផងដែរ។ មកទល់នឹងបច្ចុប្បន្ននេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មានរយៈពេល១០ឆ្នាំហើយ ហើយនៅពេលនេះគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងភាពផ្អែមល្ហែមរបស់ អ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពីពាហ៍១០ឆ្នាំ។

ជាការកត់សម្គាល់ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១០ឆ្នាំ គូស្វាមីមួយគូនេះ បានដឹកដៃកូនប្រុស ដែលមានវ័យ៥ឆ្នាំ ទៅធ្វើពិធីនៅក្នុងភោជនីយដ្ឋានមួយ អមជាមួយនឹងការចូលរួមពីសំណាក់ក្រុមគ្រួសារ និងមិត្តរួមអាជីពសិល្បៈ ជាច្រើននាក់ផងដែរ។ អ្វីដែលពិសេស ក្នុងពិធីនោះ Fann Wong និងលោក Christopher Lee បានថើបគ្នា និងបង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង ស្ទើរតែធ្វើឲ្យអ្នកចូលរួម និងមិត្តក្នុងបណ្តាសង្គមលើសជាតិស្ករ។

បន្ថែមពីនេះ មហាជនកំពុងតែចាប់អារម្មណ៍ត្រង់ថា ទោះបីជាបានរៀបការយូរឆ្នាំ និងមានកូនប្រុសសំណព្វចិត្ត ម្នាក់ហើយក្តី តែបើក្រឡែកមកមើលពីរូបសម្រស់ របស់ Fann Wong និងលោក Christopher Lee ហាក់នៅដដែល ពោលគឺនៅតែស្រស់ស្អាត និងស្រស់សង្ហារ គ្មានអ្វីប្រែប្រួលច្រើនឡើយ។

គួរជម្រាបថា អ្នកនាង Fann Wong និងលោក Christopher Lee បានរៀបការនៅខែកញ្ញា ឆ្នាំ២០០៩ ហើយក្នុង ឆ្នាំ២០១៩នេះ មានរយៈពេល១០ឆ្នាំហើយ នៅចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ រយៈពេល១០ឆ្នាំ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់អាយុ ៥ឆ្នាំមានឈ្មោះថា Zed ជាចំណងដៃ៕