ខេមរៈ សិរីមន្ត សង់​វីឡា​ជូន​អ្នក​មានគុណ​យ៉ាង​ស្កឹមស្កៃ​នៅ​ស្រុក​កំណើត ដោយ​មាន​​រូប​​សំណាក​កញ្ញា ខេមរៈ ស្រីពៅ នៅមុខផ្ទះ

37


(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត ត្រូវបានទស្សនិកជនដឹងថាបច្ចុប្បន្ន កំពុងរស់នៅក្នុងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ ម្តុំវត្តសំរោងអណ្តែត រាជធានីភ្នំពេញ។ តែយ៉ាងណា ថ្មីៗនេះមហាជនមានការចាប់អារម្មណ៍ខ្លាំង លោកបានសាងសង់ផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើត មានម៉ូត និងការរចនាដូចគ្នាតែម្តង ទៅនឹងផ្ទះរបស់លោកនៅភ្នំពេញ ដោយក្នុងនោះ​ គឺគេសង្កេតឃើញថា នៅចំពីមុខផ្ទះ មានតាំងរូបសំណាករបស់ កញ្ញា ខេមរៈ ស្រីពៅ។

តាមរយៈវីដេអូ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកថ្មីៗនេះបង្ហាញថា ផ្ទះដែលលោក ខេមរៈ សិរីមន្ត សាងសងជូនអ្នកមានគុណនៅឯស្រុកកំណើត ក្នុងទឹកដីខេត្តកំពង់ចាម គឺភាពធំទូលាយ ក្នុងផ្ទះមានការតុបតែង និងរៀបចំបានយ៉ាងល្អ។ ចំណែកឯក្រៅផ្ទះ ចំពីមុខគឺមានរូបសំណាករបស់កញ្ញា​ ខេមរៈ ស្រីពៅ ដែលបានទទួលមរណៈភាពទៅហើយនោះ។

ការតាំងរូបសំណាករបស់ កញ្ញា​ ខេមរៈ ស្រីពៅ នៅមុខផ្ទះនេះ គឺដើម្បីទុកជានិមិត្តរូប សម្រាប់ក្រុមគ្រួសាររបស់លោក​ ខេមរៈ សិរីមន្ត ទាំងមូល ទោះបីជារូបពិតបានឃ្លាតឆ្ងាយ ពីក្រុមគ្រួសារទៅហើយក្ដី តែការចងចាំ និងក្ដីស្រលាញ់នៅតែដិតជាប់នៅក្នុងអារម្មណ៍របស់ក្រុមគ្រួសារ។ លើសពីនេះគឺ ដើម្បីជាការគោរពបូជា និងជាកេរ្តិ៍ដំណែលសម្រាប់ឲ្យបងប្អូនជំនាន់ក្រោយ និងទស្សនិកជនបានស្គាល់ នូវអតីតតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា។