ឡូយ​កប់​! រៀន​ជំនាញ​សេដ្ឋ​កិច្ច​​តែ មក​កាក់កប​នឹង​អាជីព​គំនូរ​ទៅវិញ​!

50


ពេញៈ កញ្ញា សុគន្ធ កណ្ណិកា វ័យ​ ២៩ ឆ្នាំ អតីតជា​និស្សិត​រៀន​ចប់​ជំនាញ​សេដ្ឋ​កិច្ច និងពាណិជ្ជ​កម្ម​ពី​សាកល​វិទ្យា​​ល័យ​ជាតិគ្រប់​គ្រង​ បាន​សម្រេច​ចិត្ត​មក​ប្រកប​របរជា​វិចិត្រ​ករ​គំនូរ​ទឹក​ពណ៌ និង​គំនូរ​ឌី​ជី​ថល់​​ នា​រយៈ​ពេល​ប្រមាណ​ជាង​ ១​​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​​ស្នាដៃ​របស់​ខ្លួន​ទទួល​បាន​ការ​ចាប់ អារម្មណ៍​​ពី​មហាជន ក៏​ដូចជា​មាន​អ្នកនិយម​ស្នាដៃគំនូរ​បានជាវ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​អាច​ចាប់​យក​ជា​របរ​ចិញ្ចឹម​ជីវិត​បាន​។​

ក្រោយ​ពី​​សាក​ល្បង​ប្រើ​ជំនាញ​តាម​ចំណូល​ចិត្ត​គូរ​វាសជា​គំនូរ​ប្លែក​ចម្រុះ​មុខ​ងារតាម​អារម្មណ៍​​រ​ប​ស់​​ខ្លួន​ប្រមាណ​ជិត​ ២ ឆ្នាំ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ ក៏ជម្រុញ​ចិត្ត​នារី​​ម្នាក់ ​ដែល​មិន​បាន​រៀន​ជំនាញ​សិល្បៈ​គំនូរ​សោះ​ ​​ក៏​ក្លាយជា​វិចិត្រ​ករ​ស្រី​ជំនាញ​​​គំនូរ​ពណ៌​ទឹក និង​គំនូរ​​ឌីជីថល់​​ និង​សុខ​ចិត្ត​​​លះបង់​ចោល​ជំនាញ​រៀន​សេដ្ឋ​កិច្ច និង​ពាណិ​ជ្ជ​​កម្ម​។​

កញ្ញា សុគន្ធ កណ្ណិកា ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​ខាង​សិល្បៈ តែមិន​បាន​ចាប់​យក​តាំង​ពី​ពេល​ដំបូង​​មកពី​​ព្រោះជា​ជំនាញ​មិន​សូវ​ទទួល​បាន​គាំទ្រ​នោះ បាន​ឲ្យ​ដឹង​ពី​ការ​សុខ​ចិត្ត​បោះ​​ចោល​ជំនាញ​​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​ មក​​ស្រាវជ្រាវ​ រៀនស្វែង​យល់​ពី​សិល្បៈ​គំនូរ​ជាចំណូល​ចិត្ត​​​ដោយ​ខ្លួន​ឯង​គ្មាន​គ្រូ និង​គ្មានបាន​​​រៀន​ពីកម្ម​វិធី​វីដេអូ​ ​YouTube ដែរ​​ថា៖ «បើ​និយាយ​ទៅ​ជំនាញ​គំនូរ​នេះ នាង​​ខ្ញុំ​មិន​បាន​រៀន​នៅសាលាណានោះទេ​ ហើយ​ក៏​មិន​បាន​រៀន​តាមកម្ម​វិធី​របស់​​ YouTube អ្វី​ដែរ ​គឺ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​យក​បទ​ពិសោធន៍​ដោយ​ខ្លួន​ឯង​ប្រមាណជា​ង​១​ឆ្នាំ​ទៅ​លើ​ការ​បង្កើត​ស្នាដៃ​គំនូរ​ ដែល​​ភាគ​ច្រើន​ ទាម​ទារ​ឲ្យ​នាង​ខ្ញុំ​ប្រើ​អារម្មណ៍​ស្រមើស្រមៃ​គិតផ្តោត​​ខ្លាំង​ទៅនឹង​​រូប​ភាព​ណា​មួយ ដែល​​នាងខ្ញុំនឹក​​ឃើញ​​ចង់​គូរ​ ទោះបី​ជា​វា​ប្រភេទ​គំនូរ​​ទឹកពណ៌​ក្តី និង​គំនូរឌីជីថល់​ក្តី​​។ ដូច្នេះ​ហើយ​ស្នាដៃ​គំនូរ​របស់​នាង​ខ្ញុំ​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ស្រមៃ​គិត​ ប្រើ​អារម្មណ៍​បង្កើត​ជា​គំនូរ​មក»។

យ៉ាង​ណា​ការ​ប្រកប​របរ​ជា​វិចិត្រ​ករ​នា​សម័យ​នេះ គឺ​ទាម​ទារការគាំទ្រ​​ដែល​អ្នក​និយម​ស្នាដៃគំនូរ​ និង​ជា​ប្រភព​នៃ​ការ​រក​ប្រាក់​ចំណូល​​ចិញ្ចឹមជីវិត​ខ្លួន​នោះ ទើបវិចិត្រ​ករ​ស្រី​ស្រស់​សោភា ក៏​ទទួល​យក​ការ​កម្ម៉ង់​ពី​អតិថិជន​សម្រាប់​​ស្នាដៃ​គំនូរ​ចូល​ចិត្ត​របស់​ពួកគេ​ផង​ដែរ​។​​
ស្នាដៃគំនូរជាច្រើនរបស់​ កញ្ញា សុគន្ធ កណ្ណិកា​ តែងតែ​ធ្វើឲ្យ​អ្នកដែល​បាន​ឃើញ​ហើយ​សរ​សើ​ពី​ទេព​កោសល្យ ​នឹងមានការចាប់អារម្មណ៍​ពីមហាជន​ ជាតិ​ និងអរន្តជាតិ​ តាមរយៈ​រូបភាព​គំនូរប្លែកៗ​ បែប​ច្នៃ​ប្រឌិត​ ជាពិសេសរូបភាព អប្សរាសិចស៊ី​ ដែល​ដក​ស្រង់​ចេញ​ពី​ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ​ ព្រម​ទាំង​រូបគូរ​ឡើងវិញនូ​វគំ​នូរ​ចាស់ ដែល​បាត់​បង់ពណ៌ដើម​ផ្សេង​ទៀត​។ ចំពោះ​ស្នាដៃ​គំនូរ​របស់​កញ្ញា កណ្ណិកា វិញ​មាន​តម្លៃ​ផ្សេងៗគ្នា​ទៅ​តាម​ទំហំ និង​ការ​កម្ម៉ង់​របស់​អ្នក​ជាវ​ ខណៈ​សម្រាប់​គំនូរ​ទឹក​ពណ៌ ឬ​គំនូរ​ឌីជីថល់​ធម្មតា​ក្នុង​ខ្នាត ​A4 មាន​តម្លៃ​ ៤៥ ដុល្លារ​ ដែល​ត្រូវ​ការ​ពេល​គូរ​រយៈ​ពេល​មួយ​ព្រឹក ឬ ១​ ថ្ងៃ​ ទើប​ចប់​។​
កញ្ញា កណ្ណិកា បង្ហើប​ថា៖ «ឥឡូវ​​នេះ ខ្ញុំ​ទទួល​ការ​កម្ម៉ង់​ពី​អតិថិជន​ច្រើន ហើយ​ថ្មីៗ​នេះ​ ក៏​មាន​កិច្ច​ព្រម​​ជាមួយ​នឹង​ Art Gallery នៅ​ក្រៅ​ប្រទេសមួយ​ សម្រាប់​ទទួល​យក​ស្នាដៃគំនូរ​របស់​នាង​ខ្ញុំ​ទៅ​ដាក់​តាំង​លក់​ផង​ដែរ ដោយសារ​តែយើង​នៅ​មិន​ទាន់​បាន​ឈាន​ដល់កិច្ច​​ព្រមព្រៀង​ ១០០ ភាគ​រយ​ ​ពី​សំណាក់​ខាង​​នាងខ្ញុំព្រោះ​​​ថា​ ខ្ញុំ​ត្រូវ​ការ​គិត​ពី​ទំហំ​នៃ​ការ​ងារ​មួយ​នេះ ​ឲ្យ​បាន​ច្បាស់​លាស់​សិន​នោះ សុំ​មិន​​ទាន់​​ជម្រាប​ប្រាប់​ពី​ដៃគូ​ក្រៅ​ប្រទេស​នៅ​ឡើយ​។ ចាំ​ដល់​ពេល​ការ​ងារ​ចប់​សព្វ​គ្រប់​នោះ នាងខ្ញុំ​នឹង​បង្ហាញ​ឈ្មោះ​​ដៃគូ​​ Art Gallery​ ក្រៅ​​ប្រទេស​​នោះជាមិនខាន»៕​