ប្រពៃណាស់! បវកញ្ញាកម្ពុជា នាំយកក្រម៉ាខ្មែរចែកជូនដល់បវកញ្ញាដទៃទៀតជាវត្ថុអនុស្សាវរីយ៍ កំឡុងពេលប្រកួត Miss Earth 2019 នៅហ្វីលីពីន

47


ហ្វីលីពីន៖ ខណៈដែលកញ្ញា ថោង ម៉ាឡា ទទួលបានតំណែងជា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ (Miss Earth Cambodia) និងកំពុងតែប្រកួត បវកញ្ញាភពផែនដី ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ ថោង ម៉ាឡា ក៏បានជូនក្រម៉ា​ជាវត្ថុអនុស្សាវរីយ៍នៃមិត្តភាព ទៅកាន់បេក្ខនារីដទៃទៀត ដោយបេក្ខនារីដែលទទួលបានក្រម៉ាខ្មែរពិតជាបង្ហាញនូវភាពរីករាយ និងពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ក្រម៉ាខ្មែរ។ គួររំលឹកផងដែរថានៅឆ្នាំ២០១៨ បវកញ្ញាចក្រវាលកម្ពុជា រឿន ណាត ក៏បានយកក្រម៉ាជូនបេក្ខនារីនៅប្រទេសដទៃផងដែរកំឡុងពេលដែលកញ្ញាបានទៅប្រកួត Miss Universe នៅប្រទេសថៃ។

ក្រម៉ា ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃជាតិកម្ពុជា ហើយ ក្រមាត្រូវបានប្រើប្រាស់ក្នុងទម្រង់ប្រពៃណី ដែលអាចប្រើប្រាស់ក្នុងទម្រង់ជាសំភារៈជាច្រើនបែប ដូចជាកន្សែងរុំ ក្រណាត់និងជាអង្រឹងសម្រាប់កុមារ។ ទោះបីជាមើលទៅហាក់ដូចជាមានភាពរាបទាបក៏ដោយ តែវាក៏ជានិមិត្តសញ្ញាដ៏មានអត្ថន័យជាច្រើនដូចជាមិត្ដភាព ជាពិសេសនៅពេលដែលបានផ្តល់ឱ្យដោយស្មោះ និង ដោយមិនរំពឹងអ្វីមួយ៕

ប្រភព៖ Miss Earth Cambodia