ផលិតករ​​​ជយ​លាភី​គំនូរ​ជីវចល​​​​​ឆ្នាំ​២០១៩ ​ភេទ​ទី៣ កៅ សេងហ៊ួ ត្រៀម​ទៅ​​ប្រកួត​​នៅ​ហុង​កុង​ខែ​ក្រោយ​

74


ភ្នំពេញៈ បេក្ខជនជយលាភី​​ កៅ សេងហ៊ួ ដែលជា​និស្សិត​ទើប​តែ​បាន​រៀនចប់​ជំនាញ​បរិញ្ញាបត្រ​ផ្នែក​គំនូរជីវចលនៅ​សា​លា​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ នៅ​ឯ​ខេត្ត​បាត់​ដំបង គឺ​ជា​ម្ចាស់​ជយ​លាភី​​លេខ​១ ​​ប្រចាំ​ឆ្នាំ​២០១៩ នៅ​ក្នុង​​កម្ម​​វិធី​ប្រកួត​​​ប្រជែង​​គំនូរជីវចល Cambodia DigiCon6 នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​បាន​ប្រជែង​ឈ្នះ​ក្រុម​ផ្សេងៗ ដែល​ចូល​​រួម​​ប្រកួត​​​មាន​​​សរុប​​​ចំនួន​​ ១៣ ក្រុម​ ដែល​បាន​ប្រគល់​ជយ​លាភី​ដោយ​​ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ​កាល​ពី​ខែ​​​សីហា​​ ឆ្នាំ​២០១៩ ​កន្លង​មក​។

វីដេអូគំនូរជីវចលប្រភេទ 2D ​​ចំណងជើងថា «Colors-ពណ៌» មាន​រយៈ​ពេល ៥ នាទី គឺ​ជា​ស្នាដៃរបស់ផលិត​ករ​ភេទី៣​ លោក​ កៅ សេងហ៊ួ មាន​វ័យ ​២២ឆ្នាំ​​ ​ដែលឆ្លុះ​​បញ្ចាំង​ពី​ស្ថាន​ប្រវតិ្ត​​​ខ្លួន​គឺ​​ជា​​ភេទទី៣​ ដោយ​​​លោក​ប្រៀប​ធៀប​ពណ៌ច្រើន​ប្រភេទ​សុទ្ធ​តែ​​មាន​សារ​សំខាន់​​នៅ​ក្នុង​​បរិបទ ​នៃលក្ខណៈ​​ធម្មជាតិ​របស់​ពណ៌​ ដោយ​មនុស្ស​ច្រើន​​​​ប្រ​ភេទ ក៏​សុទ្ធ​តែ​មាន​តម្លៃ​រៀងៗ​​ខ្លួន​ដែរ​​​​​ក្នុង​​បរិបទ​នៃ​សង្គម​​​មនុស្ស​​បច្ចុប្បន្ន​។​ លោក កៅ សេងហ៊ួ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​​អន្តរជាតិមាន​ប្រទេស​ចូល​រួម​ ​១៤ ប្រទេស នៅ​​​ទី​ក្រុង​ហុង​​កុង ឈ្មោះ​​​ 21st DigiCon6 ASIA Awards​ នោះដែរ​ថា៖ «​ខ្ញុំ នឹង​យក​វីដេអូ ​2D ​​ចំណងជើងថា «Colors-ពណ៌​» ដែល​​កាល​ប្រកួត​នៅ​ស្រុក​ខ្មែរ​យើងគឺ​​មានរយៈ​ពេល​​ ៥​ នាទី ហើយនៅ​​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​​មុខ​នេះ ខ្ញុំ​នឹង​បន្ថែម​ថេរវេលា​ឲ្យ​បាន​ដល់​ទៅ​ ៦ នាទី សម្រាប់​បង្កើន​គុណ​ភាព​ និង​សាច់រឿង​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ដើម្បី​ប្រកួត​ជាមួយ​ក្រុម​មក​ពី​ប្រទេស​ផ្សេងៗ»។​​

ម្ចាស់​ជយ​លាភី​លេខ​១​គំនូរ​ជីវ​ចល​ឆ្នាំ​២០១៩ រូប​នេះ បន្ត​ថា៖ «សម្រាប់​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ប្រទេស​រួចមក ហើយ​ត្រូវ​បាន​ក្លាយជា​តំណាង​ឲ្យ​កម្ពុជា ដើម្បី​​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួន​​។ ចំពោះ​ក្តី​រំពឹង​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ទាន់​ហ៊ាន​អះអាង​បាន​កម្រិតណា​នោះ​ទេព្រោះ​មាន​ប្រទេស​ច្រើន​ចូល​រួម តែ​សម្រាប់​មោទន​ភាព​​នៃ​​ស្នាដៃវីដេអូ​រឿង ​«Colors-ពណ៌» របស់​ខ្ញុំ​​នេះ គឺ​ខ្ញុំ​យល់​ឃើញ​ថា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈ​ដ្ឋាន​ទាំង​នៅ​​ក្នុង​ប្រទេស​តាម​រយៈ​​គ្រូ​​បង្រៀន​ជំនាញ​គំនូរជីវចល​របស់​ខ្ញុំ​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​ ដែល​ស្នាដៃ​នេះ​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ និង​ឈ្នះ​ជយ​លាភី​​ប្រកួត​ Cambodia DigiCon6​ នៅ​ឆ្នាំ​​នេះ។ ហើយា​ពេល​ថ្មីៗ​នេះ ក៏​មាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​​​​រៀប​ចំ​​ការ​ប្រកួត​អន្តរជាតិ​ដែរ​ ដោយ​ឃើញ​គេ​យក​វីដេអូ​របស់​ខ្ញុំ​ទៅ​វិភាគ​ពី​គុណ​តម្លៃ​ក្នុង​សង្គម​តាម​រយៈ​សាច់​​រឿង​​​ ជាពិសេស​​សង្គម​​របស់​សហគមន៍​LGBT តែ​ម្តង»។​​​ កៅ សេងហ៊ួ ក៏​បន្ថែ​ម​ឲ្យ​ដឹង​ពី​អត្ថន័យ​ក្នុង​​វីដេអូ​នៃ​រឿង ​«រឿង ​«Colors-ពណ៌» ផង​ដែរ​ថា៖ «ខ្ញុំ​ផលិត​វីដេអូ​នេះ​ក្នុង​គោល​បំណង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នកជា​ក្រុម​សហគមន៍​LGBT​ ដែល​កំពុង​តែ​ពុំ​ទាន់​ស្គាល់​​ខ្លួន​ឯង​មិន​ច្បាស់​ថា ជានរណា​នៅ​ឡើយ​នោះ​។ លើក​ទឹក​ចិត្ត​ឲ្យ​ពួកគាត់​រៀន​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ និង​ធ្វើ​អ្វី​ដែលជា​របស់​ខ្លួន​ និងជួយ​សង្គម​ជាតិ​។​សម្រាប់​អារម្មណ៍​ខ្ញុំ​ផ្ទាល់​វិញ​ ជា​រឿង​ដែល​ខ្ញុំ​បានជួប​ផ្ទាល់​ក្នុងជីវិត​ និង​ចង់​បង្ហាញ​អារម្មណ៍​បុគ្គល​ ដែល​ត្រូវ​គេ​រើសអើង​​ថា គឺ​ពិតជា​ពិបាក​ខ្លាំង​ណាស់»។​​

កម្មវិធីប្រកួតប្រជែងគំនូរជីវចល​នៅកម្ពុជាលើកទី៦ឆ្នាំ២០១៩ Cambodia DigiCon6 2019 បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក្រោមអធីបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ​២០១៩ នៅស្ទូឌីយ៉ូទូរទស្សន៍ជាតិកម្ពុជា។ ចំបោះ​ស្នាដៃវីដេអូគំនូរជីវចលចំនួន ១៣ ក្រុម​ បានចូលរួមប្រកួតប្រជែង ដោយ​ទីបំផុត ស្វែងរកបានជយលាភីលេខ១ បានទៅលើស្នាដៃចំណងជើងថា Colors របស់ក្រុម Colors ខណៈ​ជយ​លាភី​កិត្តិយសផ្នែកសាច់រឿង បានទៅលើស្នាដៃចំណងជើងថា អំពើល្អ របស់ក្រុមKhmer Cartoon 3D។

ចំណែក​ជ័យ​លាភីកិត្តិយសផ្នែកគំនិត បានទៅលើស្នាដៃចំណងជើង សុនខ របស់ក្រុមកំប៉ោយ ឯ​ជយលាភីកិត្តិយសផ្នែករូបភាព បាន​ទៅលើស្នាដៃចំណងជើងថា «ត្បូង» របស់ក្រុម Athi Sok និង​ជយលាភីកិត្តិយសប្រជាប្រិយភាព បាន​ទៅ​លើ​ស្នាដៃ​ចំណង​ជើង «សនខ» របស់ក្រុមកំប៉ោយ៕​