ទីបំផុត! ធនាគារជាតិកាណាដា ទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ ABA

51


(ភ្នំពេញ)៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) បានប្រកាសថា នៅពេលនេះ ធនាគារជាតិកាណាដា បានគ្រប់គ្រងភាគហ៊ុនទាំងស្រុងរបស់ធនាគារ ABA បន្ទាប់បានទិញយកចំណែក១០%បន្ថែម នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ ABA ។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ឲ្យដឹងថា «ប្រតិបត្តិការចុងក្រោយរបស់ធនាគារជាតិកាណាដាបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តខ្ពស់របស់ធនាគារ មកលើ ABA និងមកលើទីផ្សារធនាគារនៅកម្ពុជា»

លោកបន្ដថា ចាប់តាំងពីការវិនិយោគដំបូង របស់ខ្លួនក្នុងឆ្នាំ២០១៤ ចំណែកទីផ្សាររបស់ធនាគារ ABA បានកើនឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងអត្រាប្រាក់កម្ចី និងប្រាក់បញ្ញើ មានការកើនឡើងប្រមាណ១០%។ ធនាគារ ABA ពេលនេះក៏ជាស្ថាប័នហិរញ្ញវត្ថុធំទីបីនៅកម្ពុជា ហើយយើងមានភាពរំភើបរីករាយយ៉ាង ខ្លាំងក្នុងការបន្តដំណើរ ដោយជំរុញការពង្រីកទីតាំងភូមិសាស្ត្ររបស់ធនាគារ ABA និង ណែនាំផលិតផល និងសេវាកម្មលំដាប់ថ្នាក់ល្អ បំផុតជូនដល់អតិថិជន។

លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដាបានឲ្យដឹងថា ធនាគារជាតិកាណាដាពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់ធនាគារ ABA ។ ស្ថាប័នហិរញ្ញវត្ថុមួយនេះ ត្រូវបានបង្កើតឡើងយ៉ាងល្អ ក្នុងទីផ្សាររបស់ខ្លួន និងដើរតួយ៉ាងសំខាន់នៅ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសនេះ។

លោកបានបន្ដថា ធនាគារ ABA កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងចូលរួមចំណែកក្នុងការធ្វើ ឲ្យវិស័យសេវាធនាគារកាន់តែ មានភាពងាយស្រួល ក្នុងការប្រើប្រាស់។ គំរូអាជីវកម្មរបស់ធនាគារ ដែលផ្តោតចម្បងទៅលើវិស័យធនាគាររូបវន្តបុគ្គល និងអាជីវកម្មខ្នាតតូចនោះក៏ផ្តល់ក្តីរំពឹងពីអនាគត ដ៏ប្រសើរផងដែរ។

សូមជម្រាបថា ធនាគារជាតិកាណាដា បានក្លាយជាភាគហ៊ុនិករបស់ធនាគារ ABA នៅក្នុងឆ្នាំ២០១៤ ដោយបានទិញយកចំណែកភាគហ៊ុនចំនួន១០%។ បន្ទាប់មកក៏បានបង្កើនការ ទិញយកចំណែកភាគហ៊ុនបន្ថែមរហូតដល់៤២% នៅក្នុងឆ្នាំ២០១៥ និងបង្កើនដល់៩០% នៅក្នុងឆ្នាំ ២០១៦។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA មាន៤.១ ប៊ីលានដុល្លារ។ ធនាគារផ្តល់សេវាជូនដល់អតិថិជនជាង៦៥០,០០០នាក់ តាមរយៈបណ្តាញសាខាចំនួន៧០សាខា កន្លែង ស្វ័យសេវាធនាគារជាង៥៥០កន្លែង និងប្រព័ន្ធធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទ ឈានមុខជាច្រើនទៀត៕