​ តោះ!​ ទៅ​ស្តាប់បាឋកថា និង​ទស្សនា​ពិព័រណ៍​ស្តីពី ​«ស្រែ​ប្រតិដ្ឋ»នៅ​វិចិត្រសាលស-ស​​ ថ្ងៃ​សុក្រ​នេះ​!

25


ភ្នំពេញៈ អង្ករ ​ស្រូវ​ ស្រែ ​​មានតួនាទី​​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​​សម្រាប់​វប្បធម៌ខ្មែរ​​តាំងពីយូរលង់​ណាស់​មក​ហើយ ខណៈ​ការ​​​ដាំ​ដុះ ​ដំ​ណាំស្រូវ ​ជាការងារ​រវល់​ដ៏​ចម្បង​​របស់ប្រជា​​កសិក​រ​ ដើម្បី​ចិញ្ចឹម​បី​បា​ច់​​​ដល់​ជីវិត​​​​យើងទាំង​អស់គ្នា រហូត​​ដល់​​សព្វថ្ងៃ​នេះ ​​វាលស្រែ​​​នៅតែ​គ្របដណ្តប់​​ភាគច្រើន​​​លើ​ផ្ទៃ​ដី​កសិ​ក​ម្ម​។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៩ ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​បឋកថា​រយៈ​ពេល​កន្លះ​ម៉ោង​របស់​​វិចិត្រ​ករ លោក ជា សេរី​រដ្ឋ ដែល​ម្ចាស់ពិព័រណ៍ទោល​ក្រោម​ចំណងជើង​ថា «​ស្រែ​ប្រតិដ្ឋ»​ នៅ​វិចិត្រ​​សាល​ស-ស ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​អ្នក​ទស្សនា​អាច​​ចូល​​ស្តាប់ និង​ដើរ​​ទស្សនា​ស្នាដៃ​​ពិពរណ៍​​ដោយ​​​សេរី​​។​

លោក ជា សេ​រីរដ្ឋ កើត​នៅ​ឆ្នាំ១៩៩០ នខេត្តបាត់ដំបង លោក​បាន​ចាប់ផ្តើម​សិក្សាផ្នែកគំនូរ​នៅអង្គការ​ហ្វារពន្លឺសិល្បៈ​នៅ​ឆ្នាំ​២០០៥ ហើយ​នៅឆ្នាំ២០០៨ លោក​បានចូលរួម​សិក្ខាសាលាមួយ ​ជាមួយ​នឹង​សិល្ប​ករ​​អន្តរជាតិ​ Sera Ing ​និង​សិល្ប​​ករ​ វ៉ាន់ ណាត​ ក្រោមប្រធានបទ​«ការចងចាំ​របបខ្មែរ​ក្រហម​នៅ​កម្ពុជា»ដឹ​កនាំ​ដោយលោកស្រី​ Soko Phay​​Vakalis ​នៅមជ្ឈមណ្ឌល​បុប្ផាណានៅភ្នំពេញ​។
បន្ទាប់ពី​បានបញ្ចប់ការ​សិក្សា​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​ក្រុងបាត់ដំបង​នៅឆ្នាំ​២០១២​ លោក​បាន​ចាប់​ផ្តើម​ធ្វើការ​ជាអ្នករចនា​ក្រាហ្វិច ​និងវិចិត្រករ​នៅស្ទូឌីយ៉ូសន្លឹកថ្មី​ នៃអង្គការហ្វារ​ពន្លឺសិល្បៈ និង​​នៅឆ្នាំ​២០១៣​ លោក​បានក្លាយជា​គ្រូប​ង្រៀន​ផ្នែករចនា​ក្រាហ្វិច​នៅអង្គការហ្វារពន្លឺសិល្បៈ ​និង​​ធ្លាប់បាន​ចូលរួម​ការតាំង​ពិព័រណ៍សិល្បៈ​ជាច្រើនដូចជា​នៅ​ឆ្នាំ២០១៤ ​គាត់បាន​ចូលរួម​កម្ម​ពិធីសិល្បៈ​អន្ដរជាតិ​តែមួយគត់​ សម្រាប់សិល្បករ​ដែលមាន​អាយុ​ក្រោម​ ៣០ ​ឆ្នាំ នៅ​អាស៊ី​អាគ្នេយ៍ មាន​ឈ្មោះថា «SPOT ART» នៅ​ប្រទេស​សិង្ហបុរី។ នៅ​ក្នុងឆ្នាំ២០១៤​ លោក​បាន​ធ្វើពិព័រណ៍​សិល្បៈ​ទោល​មួយ​ ដែល​មានចំណងជើងថា ​«គ្រោះមហន្តរាយ» ​នៅវិចិត្រសាល​រមៀត នៅទី​ក្រុង​ភ្នំពេញ ហើយ​នៅឆ្នាំ ២០១៩ ថ្មីៗ​នេះ គាត់​បាន​បង្ហាញ​​ពិព័រណ៍ទោល ​នៅវិចិត្រសាល​សង្កែ ​ខេត្តបាត់ដំបង ជាមួយ​នឹង​ស្នាដៃ​មាន​ចំណងជើង​ថា «​ស្រែ​ប្រតិដ្ឋ»​ ។

​​វិចិត្រ​ករ ជា សេរីរដ្ឋ ​ ​ក៏​បាន​មករៀប​ចំ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ​ នៅ​វិចិត្រសាល​ស-ស​ ស្ថិត​នៅ​​ផ្ទះលេខ ៤៧ ​ផ្លូវ​​លេខ ​៣៥០ (កែង​ផ្លូវ ​៩៥) ​បឹងកេងកង​៣ ភ្នំពេញ ខណៈ​ពិព័រណ៍នេះ ​​សហការជាមួយ​ វិចិត្រ​សាល​សង្កែ​ និង​ការគាំទ្រ​ពី​មូ​ល​និធិ​​ Rei Foundation ​និង​បន្ត​តាំង​រហូត​ដល់​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​ ម្រោង​​​វិចិត្រសាល​ស-ស​ បាន​​ឲ្យ​ដឹង​​ពី​អត្ថ​ន័យ​ពិព័រណ៍​គំនូរ​ទោល​ ជា សេរីរដ្ឋ​ ដែរ​ថា៖ « ​ក្នុងពិព័រណ៍នេះ ​សិល្បករ ​បង្ហាញ​ជូន​នូវស្នាដៃ​ចំនួន ​៨ ផ្ទាំង​ តាម​រយៈ​ទស្សនៈ​របស់ក្មេងម្នាក់​ដែលធំធាត់​នៅ​ស្រុកស្រែ​ មុននឹង​ចាកចេញ​មកសិក្សា និង​រស់នៅ​ក្នុងទីក្រុង​។​ ស្នាដៃ​របស់ សេរីរដ្ឋ​ ផ្តល់ជា​ពន្លឺ ​និងរូបភាពដ៏មានកម្លាំង​ ដិត​ដាម​នៅ​លើ​​កន្ទេល​ ដែលយើង​នៅ​ឃើញ​មិនទាន់​រលប់​បាត់ ហាក់​ដូច​ជាបម្លាស់​ប្តូរ​​កំពុងតែ​កើតមានឡើង ​នៅតាម​ទី​ជនបទ​ ស្រុក​ស្រែ​កម្ពុជា​សព្វថ្ងៃដូច្នោះដែរ។ ទំនាក់ទំនងរបស់ពួកគាត់ជាមួយវាលស្រែ ច្រើនតែមានជាមួយភាពចម្រូងចម្រាស់ ព្រោះ​វាល​ស្រែ​​ជាទីកន្លែងនៃជម្លោះ អំណាច ការពឹងអាស្រ័យលើគ្នាទៅវិញទៅមក និងបំណងប្រាថ្នាសម្រាប់អនាគត»៕​