ឱក សុគន្ធកញ្ញា បង្ហាញរូបឆ្លុះអេកូ ឃើញថាកូនប្រុសមានសុខភាពរឹងមាំល្អណាស់!

34


(ភ្នំពេញ)៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថ្មីៗនេះបានប្រកាសដាក់ក្រៅឲ្យឈ្មោះកូនប្រុសរបស់ខ្លួនជាសាធារណៈថា «ឆលី» ធ្វើឲ្យបណ្តាអ្នកគាំទ្រចាប់អារម្មណ៍មួយប្រាវ។ យ៉ាងណាមិញ ពេលនេះអ្នកនាង និងស្វាមី ស្រាប់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មីម្តងទៀត តាមរយៈការបង្ហាញមុខមាត់កូនប្រុសក្នុងផ្ទៃ ក្រោយពេលឆ្លុះអេកូ ពិនិត្យសុខភាពម្តាយនិងទារក។

តាមរយៈការពិនិត្យសុខភាពពេលនេះ បានបង្ហាញថាទាំងអ្នកនាង ឱក សុគន្ធកញ្ញា និងទារកក្នុងផ្ទៃ គឺមានសុខភាពល្អ ខណៈមុខមាត់កូនរបស់នាង ទោះមិនឃើញច្បាស់គ្រប់ផ្នែក តែបានបង្ហាញថាពិតជាមាំមួន និងគួរឲ្យស្រឡាញ់តែម្តង។ ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកពេលទៅមន្ទីពេទ្យពិនិត្យសុខភាព អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរសារថា «មក​មើលមុខកូនប្រុស..! ពេលនេះ​គាត់មានសុខភាពល្អ Mommy and daddy are waiting for you baby»

ជាការកត់សម្គាល់អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនសង្កេតឃើញថា ការមានផ្ទៃពោះហាក់មិនមាន បញ្ហាអ្វីធំដុំក្នុងការងារសិល្បៈរបស់នាងឡើយ ពោលនៅតែមានវត្តមានក្នុងកម្មវិធីធំៗ ដូចជា X Factor Cambodia និងការប្រគុំតន្រ្តីផ្សេងៗរហូត។ គ្រាន់តែថា កាយវិការសម្តែងរាំលើកឆាក មិនសូវហក់លោតខ្លាំង ជាងមុន តែយ៉ាងណានាងនៅតែធ្វើឲ្យកម្មវិធីទាំងមូលពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងរសជាតិថ្មី មួយផ្សេងទៀត។

មានការលើកឡើងថា ក្រោយមានគភ៌ ឱក សុគន្ធកញ្ញា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពី ស្វាមីទ្វេដង ខណៈកូនដំបូងរបស់នាង គឺត្រូវបានគេដឹងថាជាកូនប្រុស។ ទន្ទឹមគ្នានេះអ្នកគាំទ្រ និងអ្នកសិល្បៈរួមអាជីពបានជូនពរដល់អ្នកនាង ឱក សុគន្ធកញ្ញា និងទារកក្នុងផ្ទៃទទួលបានសុខភាពល្អផងដែរ៕