ស្ថានទូតប្រទេស​​ឆែក បើក​ពិព័រណ៍​រូប​ថត​រំឮក​ទំនាក់​ទំនង​មិត្ត​ភាព​ ៦៣​ ឆ្នាំនៅ​សារមន្ទីរ​ជាតិ​​

106


ភ្នំពេញៈ បណ្តុំ​រូប​ថត​នានា ដែលបាន​ថត​ផ្តិត​ដោយ​ជន​ជាត​ឆែក និង​តាម​ស្ថាប័ន​រដ្ឋ​បាល​​មន្រ្តី​ទូត​ឆែក​ នា​​សម័យ​កាល​មុន​​គឺ​ចាប់​តាំង​ទសវត្សរ៍​ទី ​៨០ មកនោះ​​​​ ត្រូវ​បានស្ថាន​ទូត​សាធារណ​រដ្ឋ​ឆែកប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ បាន​ចង​ក្រង​បង្កើត​​ជា​កម្រង​ពិព័រណ៍ ដោយ​មាន​​រូប​ថតចំនួន ​៣៦ ផ្ទាំង​​ ដែល​នឹង​បើក​សម្ពោធ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ​។​​ ​
ពិព័រណ៍​រូប​ថត​នេះ នឹង​ដាក់​តាំង​បង្ហាញ​ឲ្យ​ទស្សនិកជន​អាច​ចូល​ទស្សនាបាន​​​រយៈ​ពេល ​១​៥ ​ថ្ងៃ​ គឺ​ចាប់​ពី​​ថ្ងៃ​​ទី​ ១៧ ដល់​ថ្ងៃទី​ ៣១ ខែ​តុលា ឆ្នាំ​២០១៩​ នៅ​​​ឯ​សារ​មន្ទីរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​ការ​​តាំង​ពិព័រណ៍​​ ដែល​​រៀបចំ​ដោយ​សាធារណរដ្ឋឆែក ​និងព្រះរាជាណា​ចក្រកម្ពុជា​​នេះ ​ក្រោម​ប្រធាន​មួយ​ឈ្មោះ​​ថា «ចំណងមិត្តភាព​តាមពេលវេលា»​។​

បើ​តាម​ប្រសាសន៍​លោក វ៉្លាសទីមីល តេសារ​ ជា​ភារធារី ទទួល​បន្ទុក​កិច្ច​ការ​​​ងារ​នៃ​​​ស្ថាន​ទូត​សា​ធារណ​​រដ្ឋ​​​​​​​ឆែក​​ ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​៖​ «​តាមរយៈការតាំងពិព័រណ៍នេះ ស្ថាន​ទូត​សាធារណ​រដ្ឋ​ឆែក​ មានបំណង​ដើម្បីរំឮក​ដល់​ការជ្រើសរើស​នៃ​បំណែក​​​គួរ​ឲ្យ​ចាប់អារម្មណ៍មួយ​​ពី​វិស័យ​នយោ​បាយ សេដ្ឋ​​​​កិច្ច​ និង​វប្បធម៌ ​ដែល​មាន​សារ​សំខាន់​ ​​ចំពោះ​​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ ​ហើយ​​មាន​ឥទ្ធិ​ពល​​​​យ៉ាង​​​ខ្លាំង​​​លើ​ការ​តម្រង់​​ទិស​របស់​ខ្លួន​»។
លោក​​បាន​​បន្តទៀត​​ថា៖ «តាមរយៈ​ការប្រមូលផ្តុំ​រូបថត​ និង​ឯកសារ​សំណៅ​ដើមនានា​ទាំង​នោះ​ ភ្ញៀវ​នឹង​​​​មានឱកាស​ក្នុង​​ការ​សម្លឹង​មើល​ទៅ​ប្រវត្តិ​សាស្រ្ត​ និង​បច្ចុប្បន្នភាព​នៃទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ដែលបានបង្ហាញ​ឲ្យ​ឃើញ​​ពី​សក្តា​នុ​ពល​ និង​មិត្តភាព​។ ការ​បង្ហាញ​រូប​ថត និង​ឯក​សារ​ដែល​ភាគ​​ច្រើន​​​អ្នក​អាច​ឃើញ​បាន​មក​ពី​បណ្ណសារ​ដ្ឋាន​នៃ​ការិយាល័យ​ប្រធានាធិបតី​ឆែក​ បណ្ណសារ​ដ្ឋាន​នៃ​ក្រសួង​​ការ​បរទេស​ឆែក និង​ពី​ទិន្ន​​ន័យ​នៃ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ឆែក។ ​

ផ្នែកមួយ​នៃការតាំងពិព័រណ៍នេះ ត្រូវ​បាន​ផ្តល់​​​​ជូនជា​ឧទាហរណ៍​​ជាក់ស្តែង​នៃ​​​កិច្ច​​​​សហ​​ប្រតិ​បត្តិ​ការ ​​អ្នក​​​ជំនាញការនៃប្រទេសទាំងពីរភ្លាម​ៗ​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របរប​ខ្មែរ​ក្រហម​ក្រោយ​ឆ្នាំ​១៩៧៩​ ដែល​គេ​ហៅ​ថា​ «ឆ្នាំសូន្យ»​ នៅ​​ក្នុងប្រទេស​កម្ពុជា​។ ជន​ជាតិ​ឆែក​ម្នាក់​ រស់​នៅ​សព្វ​ថ្ងៃ​ ដែលជា​អ្នក​ចូល​រួម​ក្នុង​កិច្ចសហ​ប្រតិបត្តិ​ការ​ឧស្សាហកម្ម​​ព្រៃ​ឈើ​ បា​ន​ផ្តល់​ជូន​នូវ​សំណុំ​ឯកសារ​សំណៅដើម​ និង​រូប​ថត​ផ្ទាល់​ខ្លួន​របស់គាត់​ ដែល​ មួយ​ចំនួន ដែល​​​ស្តី​ពី​រាជ​ធានី​ភ្នំពេញ និង​​​​​ប្រទេស​​កម្ពុជា ​នា​សម័យ​​​កាល​​នោះ​»។
សាធារណរដ្ឋឆែក​ ដែលជាអ្នកស្នង​តំណែង​ពីអតីត​ ប្រទេស​ឆេកូស្លូវ៉ាគី បានរក្សា​ទំនាក់ទំនង​ការទូត​ជា​មួយ​នឹង​ប្រទេស​​​​​​​ក​​ម្ពុជាមក​ទល់​នឹង​ឆ្នាំ​២០១៩​នេះ​ គឺ​មាន​រយៈពេល ៦៣ ឆ្នាំ មកហើយ ខណៈ​ប្រជា​ជន​ឆែក នៅ​តែជាដៃគូ​ ដ៏រឹងមាំ​របស់ព្រះ​រាជា​​ណា​​​ចក្រ​​​កម្ពុជា។

លោក​ភារធារី​រូប​នេះ បន្ថែម​ថា៖«ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ និង​ប្រទេស​គឺ​ផ្អែក​លើ​ការ​ទុក​ចិត្ត​ទាំង​សងខាង​ ការជឿ​ជាក់លើ​ការ​​ទុក​ចិត្ត​គឺ​ជា​ខ្លឹម​សារ​សំខាន់​សម្រាប់​មិត្ត​ភាព​។​ ការ​តាំង​ពិព័រណ៍​នេះ​ អាច​ឲ្យ​អ្នក​ទស្សនា​ មើល​ឃោះញ​ទៅ​អតីត​កាល​ ដែលជាចំណេះដឹង​ល្អ​ និង​មាន​សារ​សំខាន់​។ ទោះជា​​យ៉ាង​​​ណាអតីត​កាល​ គ្រាន់​តែ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នៃ​អនាគត​រួម​របស់​ប្រទេស​​​​ទាំង​​ពីរ»។​
ពិធីបើក​ការតាំងពិព័រណ៍នេះ នឹងប្រារព្ធធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា នា​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​តុលា​​ ឆ្នាំ​២០១៩​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ ភឿង សកុណា ជា​រដ្ឋ​មន្រ្ដី​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ​៕​