ឡូយ​កប់ហ្មង!​ ស្រី​ស្រស់​ ស៊ីន យូប៊ីន ត្រូវ​ប៉ាន់​ទី​ផ្សារ​កុន​ថៃ​ជាង​ខ្មែរ!

93


ភ្នំពេញៈ អតី​តជា​ស្រីស្អាត​លេខ​១​​ ប្រចាំ​ឆ្នាំ​​២០១៤ កញ្ញា ស៊ីន យូប៊ីន ​​កំពុង​តែ​កាក់កប​ខ្លាំងទី​ផ្សារ​ថត​កុន​​នៅ​​​ថៃ​​ ខណៈ​​នាង​មិន​ត្រឹម​តែ​ស្រូប​បា​ន​ប្រជា​ប្រិយ​ភាព​ក្នុង​ស្រុកប៉ុណ្ណោះទេ ​ ​ ក៏​អាច​មាន​ម​ត្ថ​​​ភាព​​​បញ្ចេញ​​​ទេព្យ​កោសល្យ​​​សម្តែង​ធ្វើ​ឲ្យ​ផលិត​ករ​ប្រទេស​ថៃ ពេញ​ចិត្ត​ខ្លាំង​បាន​បន្តនូវ​​កុងត្រា​ថ្មី​ ព្រម​ទាំង​​ទាក់​​​ចិត្ត​អ្នក​គាំ​ទ្រ​​ជាតិ​ថៃ​ទទួល​​ស្គាល់​ផង​​ដែរ។​​​​
ចំពោះ​​​ដំណឹង​ត្រូវ​បានផលិត​ករ​ថៃ​ជ្រើស​រើសតារា​ស្រី​ស្រស់​ស្អាត ​ពោរ​ពេញ​ទៅ​ដោយ​ទេព្យ​កោសល្យ​កញ្ញា ស៊ិន យូប៊ីន គ្រង​​តំណែង​ជាតួ​ឯក​ស្រី​ក្នុង​រឿង​«The Protect» ដែលនឹង​​ត្រូវ​ចាក់​បញ្ចាំង​ គ្រប់​រោង​កុន​​​​នៅ​​ទូ​ទាំង​ទី​ក្រុង​បាង​​កក​​ នៅ​ថ្ងៃ​ទី​ ២៨ ខែ​តុ​លា​ ខាង​មុខ​នេះ​ ដែល​ជា​ខ្សែរ​ភាព​យន្ត​បែប​កំប្លែង​ និង​ចូល​​​រួម​​សម្តែង​ដោយ​តារា​កំប្លែង​​ជើង​ចាស់​ល្បី​ថៃគឺ​​លោក​ Mum Jokmok នោះ​។

ដោយសារ​តែ​​តារា​សម្តែង​ស្រី​ល្បី​ទាំង​សមត្ថ​ភាព​សម្តែង​ និង​មាន​ទឹក​ដម​បក​ស្រាយ​ចម្រៀង​បាន​​ពីរោះ​រណ្តំ​​ក្នុង​​លំនាំ​​បទ​​​ពី​ដើម​កញ្ញា ស៊ិន យូប៊ីន​ មាន​ភារកិច្ច​​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​មហោ​ស្រប​ភាព​យន្ត​អន្តរជាតិ​ Silk Road International Film Festival នៅ​ខេត្ត​ហ្វូ​ជៀន​ ប្រទេស​ចិន​ ជាមួយនឹង​​តារា​សម្តែង​ប្រុស​ ដែល​ល្បី​ថា​​ជា​គូ​ស្នេហ៍គឺ​​លោក​ ខាត់​ វ៉ៃហាំង​ កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​តុ​លា​ កន្លង​ទៅ​នេះ​ នឹង​ត្រូវ​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុ​លា​ ខាង​មុខ​នេះ​ ទើប​ខាង​ភ្នំពេញ​ប៉ុស្តិ៍ ​មិន​អាច​សុំ​ធ្វើ​​ការ​បក​ស្រាយ​ពី​ចំណាប់​អារម្មណ៍ ​ខណៈ​​ទទួល​បាន​​ឱកាស​គ្រង​តំណែង​ជា​តួ​ឯក​ក្នុង​ថ្មី​នោះ​ឡើយ​។​
​តែ​បើ​តាម​កញ្ញា លក្ខិណា ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​កញ្ញា ស៊ិន​ យូប៊ីន​ បាន​ប្រាប់​​ពី​មូល​ហេតុ​ដែល​​ផលិត​ករ​ថៃ​ជ្រើស​យក​តារា​ស្រី​រូប​នេះ​មាន​វត្ត​មាន​ក្នុង​កុន​ធំ​​ «The Protect» ថា៖ ​«​ដោយ​សារ​ខាង​ផលិត​ករ​ថៃ​​​គាត់​ឃើញ​ថា​ យូប៊ីន អាច​ប្រើ​ប្រាស់​ភាសា​ថៃ​បាន​ល្អ​ ហើយ​ណា​មួយ​គាត់​ក៏​ពេញ​ចិត្ត​​ទេព្យ​កោសល្យ​សម្តែង​របស់​ យូប៊ីន​ ដែរ។ ហើយ​ណា​មួយ​គាត់​(យូប៊ីន)ក៏​មាន​មិត្ត​ភក្តិ ឬ​អា​ច​ហៅ​ថា​ Manager របស់​ យូប៊ីន​ ​ម្នាក់​ដែរ​នៅ​ថៃ​​ ចឹង​គេ​ក៏​ណែនាំឲ្យ​​ស្គាល់​ផលិត​ករ​ខាង​ថៃ​ គេ​ក៏​អញ្ជើញ​យើង​ទៅ​ថត​​រឿង​ដុំ​តែ​ម្តង​ទៅ​​»។

បន្ទាប់​ពី​​បញ្ចប់​កុន​ដុំ​ដំបូងរឿង​​​«The Protect» ដែល​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ កញ្ញា ស៊ីន​ យូប៊ីន​ ក៏​ទទួល​បាន​កុន​ដុំ​ចំនួន​ ២ បន្ត​ទៀត​​ដែរ នេះ​បើ​តាម​​ជំនួយ​ការ​ផ្ទាល់​ខ្លួន​តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ថា​៖​ «​ក្នុង​ពេល​នេះ ​​ខាង​​យើង​ក៏បាន​ទទួល​កុងត្រា​កុន ២ រឿង​​ ទៀត​ ដោយ​យើង​ក៏​មិន​​អាច​ប្រាប់​ពី​ចំណង​​ជើង​ និង​សាច់​រឿង​បាន​​ដែរ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ យូប៊ីន​ ប្រហែល​ត្រូវ​ទៅ​​នៅ​ប្រទេស​ថៃ ​ច្រើន​ជាង​ស្រុក​ខ្មែរ​ ដោយ​សារ​ត្រូវ​​ទៅ​សម្តែងកុន​២​​​​នោះ​»៕​