ការថែរក្សារាងកាយស្វែល អាចជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺមហារីកដល់ទៅ៤៥%

199


(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Charles Tsang គ្រូពេទ្យឯកទេសវះកាត់ពោះវៀនធំមកពីប្រទេសសិង្ហបុរី បានថ្លែង ការថែរក្សារាងកាយឱ្យស្វែលស្ដង់ដារ ដោយកម្ពស់ និងទម្ងន់ ប្រហែលគ្នា អត្រាចៀសផុតពីប្រភេទនៃជំងឺមហារីក និងជំងឺផ្សេងៗរហូតដល់ទៅ៤៥%។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ Charles Tsang ក្នុងសិក្ខាសាលាស្ដីពី ជំងឺមហារីក ក្រពះ ពោះវៀន និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងក្នុងឱកាសចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងម៉េដ (Singmed Medical Center) ជាមួយមជ្ឈមណ្ឌលជំងឺមហារីក អាយខន (ICON Cancer centre) នៅចុងសប្ដាហ៍នេះ នាសណ្ឋាគាររូសវ៉ូដ។

លោកសាស្ដ្រាចារ្យ Charles Tsang បានថ្លែងបន្ដថា «ការថែរក្សារាងកាយរបស់យើងឱ្យស្វែល ជាទូទៅមិនថាតែអាចការពារ ឬចៀសវាងពីជំងឺមហារីកក្រពះពោះវៀនប៉ុណ្ណោះទេ តែអាចចៀសផុតពីជំងឺជាច្រើនប្រភេទទៀត នេះបើតាមបទពិសោធន៍កន្លងព្យាបាលកន្លងមកនេះ ដែលបង្ហាញឱ្យឃើញថា អ្នកកើតជំងឺមហារីកភាគច្រើន គឺច្រើនតែអ្នកលើសគីឡូ ចំពោះអ្នករាងស្វែល គឺកម្រនឹងកើតមានណាស់ ។ ដូច្នេះ បើយើងរក្សាគីឡូឱ្យនៅស្ដង់ដារ ដោយកម្ពស់ ស៊ីជាមួយគីឡូ ឬទម្ងន់របស់យើង គឺអាចចៀសផុត ពីប្រភេទនៃជំងឺមហារីកផ្សេងៗ រហូតដល់ទៅ៤៥%»។

ជាងនេះទៀត ដើម្បីការពារ កុំឱ្យកើតនូវប្រភេទជំងឺមហារីក មានដូចជាមហារីកក្រពះពោះវៀនជាដើម កត្ដាចម្បងត្រូវពិនិត្យសុខភាពឱ្យទៀងទាត់ ធ្វើលំហាត់ប្រាណ ដាច់ខាតកុំជក់បារី ការផ្លាស់ប្ដូរការបរិភោគអាហារណា ដែលបំផ្លាញសុខភាពយើង ជាពិសេស បើមានអាការៈមិនស្រួល ប្រញាប់មកពិភាក្សាជាមួយគ្រូពេទ្យ នោះលោកអ្នកនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលឱ្យជាសះស្បើយវិញ។ នេះបើតាមការបញ្ជាក់ របស់លោកសាស្ដ្រាចារ្យ Charles Tsang ។