ប្រទេសចិនចាប់ផ្ដើមហាមឃាត់ មិនឱ្យមានការលក់បារីអេឡិចត្រូនិកលើទីផ្សារអនឡាញ

194


ប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនធំនៅលើពិភពលោកនេះដែរ ដោយពេលនេះបានដាក់ការហាមឃាត់ការលក់អនឡាញនូវបារីអេឡិចត្រូនិក (e-cigarettes) ដែលនេះគឺជាការហាមឃាត់ថ្មីចុងក្រោយបំផុត ទៅលើឧស្សាហកម្មបារីអេឡិចត្រូនិក។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលផ្តាច់មុខថ្នាំជក់ និងរដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារកាលពីថ្ងៃសុក្រ បាននិយាយថា គេហទំព័រ និងកម្មវិធីលក់បារីអេឡិចត្រូនិកទាំងអស់ គួរតែត្រូវបានបិទ ហើយរាល់យុទ្ធនាការទីផ្សារតាមអ៊ិនធឺណេតត្រូវបានបញ្ឈប់។ របាយការណ៍បាននិយាយថា វិធានការណ៍នេះមានគោលបំណងការពារក្មេងជំទង់ពីការញៀនបារីអេឡិត្រូនិកនេះ។

សារាចរណែនាំនេះក៏បានបញ្ជាឱ្យវេទិកាទិញទំនិញតាមអ៊ិនធឺណេត ដកផលិតផលបារីអេឡិចត្រូនិកចេញពីគេហទំព័ររបស់ពួកគេ។ ការហាមឃាត់នេះគឺជាការដាក់កំហិតចុងក្រោយលើឧស្សាហកម្ម e-cigarettes ដោយសារមានការរាយការណ៍ពីជំងឺសួតយ៉ាងអាថ៌កំបាំង ដែលវាបានផ្សារភ្ជាប់ទៅនឹងការប៉ះពាល់ដល់មនុស្សរាប់រយនាក់ និងបានសម្លាប់មនុស្ស ៣៧នាក់។ សព្វថ្ងៃនេះមានប្រទេសចំនួន ២៧ រួមមាន ប្រទេសឥណ្ឌា និងអូស្រ្តាលីបានដាក់ការហាមឃាត់នេះ ខណៈ Juul ដែលជាក្រុមហ៊ុនបារីអេឡិចត្រូនិកធំជាងគេរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការស៊ើបអង្កេតរឿងធ្វើជាទីផ្សារសម្រាប់ក្មេងជំទង់៕

អត្ថបទ៖ Khmernote