អាជ្ញាធរជាតិអប្សរារៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាល

74


អាជ្ញាធរជាតិអប្សរាបាននឹងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងសន្និសីទស្ដីពីការដាក់ឱ្យប្រើប្រាស់នៃប្រព័ន្ធឌីជីថលលើវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នាថ្ងៃទី០៤ ខែវិច្ឆិកា បានបង្ហាញពីសមិទ្ធិផល និងគម្រោងការងារមួយចំនួនដែលបាននិងកំពុងអនុវត្តន៍ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្បទាទេសចរណ៍ ប្រព័ន្ធគ្រប់គ្រងទឹក ការរៀបចំសួនច្បារ និងការដាំដើមឈើជាដើម ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។

ឯកឧត្តមអគ្គនាយករងបន្តថា ក្នុងចំណោមផែនការអភិវឌ្ឍន៍ជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ក្នុងនោះក៏មានការដាំស្មៅនៅជុំវិញប្រាសាទអង្គរវត្ត និងការរៀបចំប្រព័ន្ធស្រោចស្រពទំនើប ដើម្បីភាពងាយស្រួល និងធានាថា វាលស្មៅនៅអង្គរវត្តមានភាពបៃតងខួបប្រាំងខួបវស្សា។ ឯកឧត្តមអគ្គនាយករងបានបញ្ជាក់ថាគម្រោងនេះបានទទួលការគាំទ្រពីអាយស៊ីស៊ី-អង្គរ រួចរាល់ហើយ ដោយគ្រាន់តែរង់ចាំនីតិវិធីលទ្ធកម្មក្នុងការអនុវត្តប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គម្រោងនេះនឹងទទួលបានភាពទាក់ទាញកាន់តែខ្លាំងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចមកទស្សនាអង្គរវត្តដោយភាពស្រស់បំព្រង៕

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា