រដ្ឋាភិបាល នឹង​ចំណាយ​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ ស្ថាបនាផ្លូវ​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ

88


ព្រះសីហនុ​៖ រដ្ឋាភិបាល​នឹង​វិនិយោគ លើ​ការស្ថាបនា​ផ្លូវ​ចំនួន​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​រង្វង់​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​។ ការចំណាយ​ដ៏​សន្ធឹកសន្ធាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត ព្រះសីហនុ ក្នុង​គោលបំណង ដើម្បី​ឆ្លើយតប​នឹង​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ និង​ការបង្កើន​ជីវភាព របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៩​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូល​ជួយ​ខេត្ត​ព្រះសីហនុ និង​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ ស្ថានភាព​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទ្រង់ទ្រាយ​ធំ នាពេលខាងមុខ ដើម្បី​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ទំនើប មាន​សោភណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច​។ ការវិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត ព្រះសីហនុ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​នឹង​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ និង​ការបង្កើន​ជីវភាព របស់​ប្រជាពលរដ្ឋ​។​

​យោងតាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ផ្លូវ​សរុប ៣៤ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ប្រវែង​សរុប​ជាង ៨៤​គីឡូម៉ែត្រ នឹង​ត្រូវបាន​ស្ថាបនា​ជាថ្មី​ឡើងវិញ​ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​អាមេរិក ស្របតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សំដៅ ប្រែក្លាយ​ក្រុងព្រះសីហនុ​ជាទី​ក្រុង​ទំនើប និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​ប៉ូល​របស់​កម្ពុជា​។​

​បច្ចុប្បន្ននេះ ផ្លូវ​ចំនួន ២៤ ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ចាប់ផ្ដើម​ស្ថាបនា​ជា​បណ្ដើរៗ​ហើយ​ក្នុងនោះ​រួមមាន​៖ ១) កងវិស្វកម្ម សម្តេច​តេ​ជោ ហ៊ុន សែន សៀមរាប ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ ប្រវែង ៩.៣៦៥​ម ចំនួន ០១ ខ្សែ​។ ២)​កងវិស្វកម្ម លេខ ១៧៨ ស្ពាន​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ ប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។ ៣) ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនា ប្រវែង​សរុប ២៣.៣៦០​ម ចំនួន ០៥​ខ្សែ​។ ៤) ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ស្ថាបនា​មហាវិថី​រាម​លេខ ៤៥ និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ ៧០៥ ប្រវែង​សរុប ១១.៦០៣​ម ចំនួន ០២​ខ្សែ ។​៥) ក្រុមហ៊ុន សារ​ជីវ​កម្ម ពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែង​សរុប ១២.៥៧២​ម​. ចំនួន ០៩​ខ្សែ ។ ៦) ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ លេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម ចំនួន ១​ខ្សែ និង ៧) ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែង​សរុប ៥.៥៦២​ម ចំនួន ០៥ ខ្សែ​៕​