ធុងសំរាមជាង២០០ធុង បានដាក់ពង្រាយតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ

79


(ភ្នំពេញ)៖ បើទោះបីជាមានការបណ្ដុះផ្នត់គំនិតឲ្យចូលរួមពីធារណជន តាមរយៈការផ្សព្វផ្សាយជាហូហែរ យ៉ាងសកម្មពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្ដី ប៉ុន្តែការបន្សល់កាកសំណល់សំរាម តែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើន នៅកន្លែងសាធារណៈណាមួយ ដូចជាការប្រគំតន្ត្រី ជាដើម ឬកម្មវិធីកម្សាន្តនានា អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅតែជាបញ្ហាកង្វល់។

ជាក់ស្ដែងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ធុងសំរាមចំនួន២៥០ធុង ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន «PG Dream» ត្រូវបានក្រុមមន្ត្រីពាក់ព័ន្ធនាំគ្នាដាក់ពង្រាយ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងដើម្បីលើកកម្ពស់សោភ័ណ្ឌទីក្រុង ចាប់ពីជុំវិញបរិវេណសួនប្រជាធិបតេយ្យ រហូតទៅដល់ខាងមុខមន្ទីរពេទ្យបង្អែក សម្ដេចឪ តាមបណ្ដោយផ្លូវជាតិលេខ៥ នាសង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

មុនដាក់ពង្រាយធុងសំរាម និងរើសសំរាមតាមបណ្ដោយផ្លូវជាតិលេខ៥ សម្អាតអនាម័យ ក្នុងការផ្សព្វផ្សាយបញ្ហាទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងដើម្បីលើកកម្ពស់សោភ័ណ្ឌទីក្រុងនេះ, លោក ជា ពិសី បានលើកឡើង អំពីការទុកដាក់សំរាមនេះ គឺជាបញ្ហារួមមួយ ដោយតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម សំខាន់មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ ដោះស្រាយនោះទេ គឺជាបញ្ហាសាធារណជនទូទៅ ដែលជាអ្នកទុកដាក់សំរាម ក្នុងធុងសំរាមឲ្យបានល្អ គឺផ្ដើមចេញពីក្រុមគ្រួសារយើងទាំងអស់គ្នា៕