ទីក្រុង Venice របស់​អ៊ីតាលី​រងគ្រោះ​ដោយ​ទឹកជំនន់​លើក​ទី៣ ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ

167


(អ៊ីតាលី)៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សេនម៉ាកស (Saint Mark’s Square) នៃទីក្រុង វែនីស (Venice) ប្រទេសអ៊ីតាលី បានបិទទ្វារកាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ដោយសារតែគ្រោះទឹកជំនន់ជាលើកទី ៣ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅក្នុងទីក្រុង ហ្វ្លររែនស៍ (Florence) និងទីក្រុងភីសា (Pisa)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរអ៊ីតាលី កម្ពស់នៅក្នុងទីក្រុង Venice មានកម្រិត ១៥០សង់ទីម៉ែត្រ គិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញ បើធៀបទៅនឹងថ្ងៃអង្គារកន្លងទៅដែលមានកម្ពស់រហូតដល់ ១៨៧សង់ទីម៉ែត្រឯណោះ។ ប៉ុន្តែកម្ពស់ ទឹកនេះ នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដដែល ស្របពេលរដ្ឋាភិបាលអ៊ីតាលីទម្លាក់កញ្ចប់ថវិកា ២២លាន ដុល្លារ ដើម្បីដោះស្រាយវិបត្តិទឹកជំនន់ជាបន្ទាន់។

គួរជម្រាបថា ទីក្រុង Venice ត្រូវបានទឹកភ្លៀងជន់លិចរហូតដល់ទៅ ៨០ភាគរយ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយក្រុមមន្ត្រីអ៊ីតាលីមួយចំនួនបានអះអាងថា វិបត្តិទឹកជំនន់នេះ គឺបង្កឡើងដោយបញ្ហាបម្រែបម្រួល អាកាសធាតុសកលលោក ដែលនាំទៅរកបាតុភូតទឹកជោរកាន់តែអាក្រក់ឡើង។ វាជាឧទាហរណ៍ធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសអ៊ីតាលី ដែលស្ថិតជាប់សមុទ្រមេឌីទែរ៉ាណេ ហើយទឹកជំនន់នេះ គឺអាក្រក់បំផុតមិនធ្លាប់កើតមាន ឡើយក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ៕