ធ្លាក់ដែកចេញពីអគារកម្ពស់ ៤២ជាន់ នៅស្ដុបពេទ្យចិន ចំរថយន្ដស៊េរីទំនើបមួយគ្រឿង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

161


(ភ្នំពេញ)៖ ដែកយោងជណ្ដើរយន្ដមួយធ្លាក់ចេញពីអគារកម្ពស់ ៤២ជាន់ នៅក្បែរស្ដុបពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវចំរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខភ្នំពេញ2BC-7788 ខ្ទេចមួយកំណាត់ក្រោយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរដែលឈប់រង់ចាំស្ដុប នៅក្បែរភ័យព្រលឹងចុងសក់។

រថយន្ដដែលធ្លាក់ដែកត្រូវនេះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ស្ដុបក៏ឈប់រង់ចាំ ជាមួយអ្នកដំណើរផ្សេងទៀត ស្រាប់តែពេលកំពុងឈប់នោះ ក៏ដែកមួយផ្ទាំងធំធ្លាក់ចេញពីអគារកម្ពស់៤២ជាន់ ចំរថយន្ដនោះផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យការខូចខាត។ តែអ្វីដែលជាសំណាងនោះ ផ្ទាំងដែកធំមួយនេះ មិនខ្ទាតត្រូវពលរដ្ឋណាម្នាក់ ដែលនៅក្បែរនោះឡើយ។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការធ្លាក់ដែកចេញអគារកម្ពស់៤២ជាន់ ដែលកំពុងដំណើរការសាងសង់នេះ ពោលកន្លងទៅថ្មីៗនេះ ក៏មានហេតុការណ៍ធ្លាក់ដែកចំរថយន្ដនៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតផងដែរ៕