សត្វគោនៅរុស្ស៊ី ពាក់ឧបករណ៍ VR ដើម្បីកាត់បន្ថយ ភាពតប់ប្រមល់ និងបង្កើនគុណភាពទឹកដោះគោ

389


(ម៉ូស្គូ)៖ កសិដ្ឋានមួយនៅក្នុងប្រទេសរុស្ស៊ី បានឱ្យសត្វគោចិញ្ចឹមយកទឹកដោះពាក់ឧបករណ៍ VR ដើម្បីកាត់បន្ថយ ភាព តប់ប្រមល់ និងបង្កើនគុណភាពទឹកដោះគោ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឧបករណ៍ VR ត្រូវបំពាក់នៅលើក្បាលសត្វគោ ដើម្បីឱ្យពួកវាមានអារម្មណ៍ស្រស់ស្រាយ មើលទៅដូចជានៅវាលស្មៅ ដ៏ស្រស់ត្រកាលនារដូវក្ដៅ។ ចំណែកឯ ក្រសួងកសិកម្ម និងស្បៀងអាហាររុស្ស៊ី បានបញ្ជាក់ដោយផ្អែកលើ ការសិក្សាស្រាវមួយថាអារម្មណ៍ ឬភាពតានតឹងរបស់សត្វគោ និងទឹកដោះ គឺមានជាប់ពាក់ព័ន្ធនឹងគ្នា។ ពោលគឺ គុណភាព និងទិន្នផលទឹកដោះគោ អាចប្រែប្រួលទៅតាមអារម្មណ៍របស់ពួកវា។

គួរជម្រាបថា ការឱ្យសត្វគោពាក់ឧបករណ៍ VR ត្រូវបានធ្វើឡើងនៅឯកសិដ្ឋាន RusMoloko នៃតំបន់ Ramensky ក្នុងទីក្រុងម៉ូស្គូ ហើយក្រុមអ្នកស្រាវជ្រាវនឹងបន្តការសិក្សាលើកម្មវិធីនេះសម្រាប់រយៈពេលវែង ជាមួយក្ដីរំពឹងថានឹង ពង្រីកគម្រោងនេះតទៅទៀត បើសិនជាទទួលបានជោគជ័យ៕