គួរ​ឲ្យ​​កោត​សរសើទឹកចិត្ត​បង​ប្រុស ដែល​បន្ត​របរ​ចារ​​ស្លឹករឹត​ ដើម្បី​រក្សាមរតក​​វប្បធម៌​ខ្មែរ​ ​

638


ក្រុង​សៀម​រាបៈ​ ដោយសារតែ​សេចក្តី​ក្តី​ស្រឡាញ់​​​ចូល​ចិត្ត​​ និង​ចង់​រក្សា​ទុក​នូវ​មរតក​វប្បធម៌​ពី​បរម​បុរាណ​​ខ្មែ​រ​មក​​នោះ​ ក្រោយ​ពី​ទទួល​ចំណេះ​​ ដែល​រៀន​ចេះ​​​​កាលពេល​នៅ​​​​បួស​​ជា​សង្ឃ​​ តាំង​​​ពី​​​មាន​​វ័យ ១៥ ឆ្នាំ មក​ចន្លោះ​​​​ពី​​ឆ្នាំ​២០០០-២០០៧​ នៅឯ​​​វត្ត​​​ព្រះ​ឥន្រ្ទទេព​ ​ស្ថិត​​នៅក្នុង​​​សង្កាត់​គោកចក​ ក្រុង​សៀម​រាប​​ ទើប​នាំ​ឲ្យ​​​លោក ឡោត ឡឹង ​វ័យ​ ៣៦ ឆ្នាំ​ បាន​សម្រេច​ចិត្ត​ចាប់​យក​របរចារ​ស្លឹក​រឹត​ តាំង​ពី​ឆ្នាំ​២០០១​ មក​​រហូត​ដល់​ពេល​ប​ច្ចុប្បន្ន​ បើទោះ​បីជា​ មិន​​អាច​ជួយ​ទ្រទ្រង់​​ជីវ​ភាព​ចិញ្ចឹម​គ្រួសារ​បាន​ល្អ​យ៉ាង​ណា​ក្តី​។​
លោក ឡោត ឡឹង ​ធ្លាប់​​បួស​​នៅ​ចន្លោះ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៧ និង​​បាន​ប្រកប​របរ​ចារ​​ស្លឹក​​រឹត​​តាំង​ពី​ឆ្នាំ​២០០១ មក​ដល់​សព្វ​ថ្ងៃ ដើម្បី​ចឹញ្ចឹម​​​ប្រពន្ធ​កូន​ ខណៈ​ប្រពន្ធ​ក៏​ប្រកប​របរ​លក់​អំបោស​​ដើម​​ត្រពាំង​​បាយ​ស និង​ដើម​ល្ពាក់​ មាន​​កូន​ស្រី ​៣ ​នាក់ បាន​ប្រកាន់ជាប់នូវ​​​​​មុខ​របរអ្នក​ចារ​ស្លឹក​រឹត​​​ ត​រៀង​មក​ ក៏​ព្រោះ​​​តែ​មាន​ក្តី​ស្រឡាញ់​ចូល​ចិត្ត និង​ចង់​ថែរក្សា​​កេរ​មតក​​​វប្បធ​ម៌​​​អក្សរសាស្រ្ត​ខ្មែរ​នេះ កុំ​​ឲ្យ​បាត់​បង់​ នៅ​ក្នុង​​តំបន់​របស់​ខ្លួនគឺ​ភូមិសំរោង ​ឃុំលាងដៃ​ ស្រុកអង្គរធំ​ ខេត្តសៀមរាប ដោយ​សព្វ​ថ្ងៃ​នៅ​​សេស​សល់​​ប្រមាណ​៣-៤​នាក់​ តែ​ប៉ុណ្ណោះ ដែល​​ចេះ​ចារ​ស្លឹករឹត​នេះ​។​​

ទោះ​បី​​ពុំ​សម្បូរ​អ្នកគាំស្នាដៃ​ចារ​ស្លឹករឹត​មែន​ក្តី តែ​សម្រាប់​អ្នក​​ជាវ​​ស្លឹក​រឹត​របស់​លោក ឡោត ឡឹង មាន​​លក្ខណៈ​​បែប​ចម្រុះ​វ័យ​ និង​សណ្ឋាន​​នៃ​អ្នក​ជាវ​គឺ​មានព្រះសង្ឃ លោក​តា​លោក​យាយ​ដែល​ជា​ឧបាសកឧ​បាសិកា​ និង​អតីតជា​អ្នក​បួស​រៀនមាន​​វ័យ​ចន្លោះ​ ២៥-៣០ ឆ្នាំ បាន​មកជា​វ​ទៅ​តាម​តម្រូវ​ការ ដើម្បី​​​​យក​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ទី​អារាម​​នានា ឬ​រក្ស​ទុក​ជា​សំណៅ​ឯក​សារ​ផ្ទាល់​ខ្លួន។​ ខណៈ​មួយ​​ថ្ងៃ​​លោក​អាច​ចារ​អក្សរ​បាន​ចន្លោះ​ពី ​៥ ទៅ ​៦ ​សន្លឹក​ ខណៈ​សន្លឹក​នៃ​ការ​ចារ​​នេះ ​មាន​បី​ខ្នាត​សំខាន់​សម្រាប់​​តម្រូវ​​ការ​គឺ​ខ្នាត​ធំ ខ្នាត​​កណ្តាល(មធ្យម)​ និង​ខ្នាត​តូច​ ដោយ​តម្លៃ​ពល​​កម្ម​នៃ​​ការ​លក់​។
លោក ឡោត ឡឹង បាន​ឲ្យ​ដឹងចំនួន​ចារ​ស្លឹក​រឹត​ក្នុង​មួយ​ថ្ងៃ និងខ្នាត​សន្លឹក​ ក៏​ដូច​ជា​តម្លៃ​​ពលកម្មបាន​ពី​ការ​ចារ​ស្លឹករឹត​នេះ​​​ថា៖ « លោក​បាន​ឲ្យ​ដឹង​ថា៖ «មួយ​ថ្ងៃ​ខ្ញុំ​អាច​ចារ​បាន​ចន្លោះ​ ៥ ទៅ ​៦​ សន្លឹក ដែល​ជា​ការ​​ចារ​អក្សរ​​មាន​ ៥ ជួរ​។ ​ខ្នាត​​​នៃ​សន្លឹកនោះ​ ​មាន​បី​ខ្នាត​ គឺ​ខ្នាតធំ​មាន​ទំហំ​ ៦ ហ៊ុន x ៥,៥ តឹក ខ្នាត​មធ្យម ៥ ហ៊ុន​ x ៥,៥ តឹក និង​ខ្នាត​តូច៤,៥ ហ៊ុន x ៥,៥ តឹក។ ចំពោះ​តម្លៃ​វិញ​គឺ​គិតតម្លៃ​​ ១ ​សន្លឹក ​១៥ ០០០ រៀល ឬ​អាចមាន​​តម្លៃ​ចន្លោះ​ ១៣ ០០០ រៀល ឬ ​១៤ ០០០ រៀល​ ក្នុង ១​​ សន្លឹក​ដែរ​ ដោយសារ​​ភាគ​​​​ច្រើន​អ្នកជាវ​ ពួក​គាត់ក៏​សុទ្ធ​តែ​​ជា​អ្នក ​មាន​ជីវ​​ភាព​​លំបាកដែរ​​ តែដោយ​សារ​​មាន​ទឹក​ចិត្ត​ស្រឡាញ់​​​ទ​ម្រង់​​​​​សិល្បៈ​​​វប្បធម៌​អក្សរសាស្រ្ត​មួយ​នេះ​ ទើប​​បាន​មក​ជួយ​ជាវខ្ញុំ​»។​

លោក​បាន​បន្ត​ថា៖«ភាគ​ច្រើន​ ខ្ញុំ​ទទួល​កម្ម៉ង់​ជា​ដុំ​តែ​ប៉ុណ្ណោះ ដែល​ប្រើ​ពេល​វេលា​ ២-៣ ខែ​ ទើប​អាច​ចារ​​​ចប់​នូវ​សាច់​រឿងទៅ​​​តាម​ការ​កម្ម៉ង់​របស់​ភ្ញៀវ ហើយ​រយៈ​ពេល​នេះ​ ខ្ញុំ​ក៏​អាច​ចារ​បាន​ចំនួន​ប្រមាណ​ ៤០០ សន្លឹក​ តែ​ប៉ុណ្ណោះ​»។​
យ៉ាង​ណា​ការ​​ប្រកប​របរ​ចារ​ស្លឹក​រឹត​នេះ មិន​ត្រឹ​ម​តែ​ពីបាកនៅ​​ក្នុង​ការ​រក​បាន​ប្រាក់​ ដើម្បី​ទ្រទ្រង់ជីវ​ភាព​គ្រួសារ​​នោះ​​ទេ ថែម​ទាំង​​មាន​ការ​លំបាក​​ខ្លាំង​ និង​ឆ្លង​កាត់​ដំណាក់​កាល​​ច្រើន​ទើប​អាច​បាន​ស្លឹក​រឹត​ស្ងួត​ល្អ​អាច​ចារ​អក្សរ​បាន​ដោយ​ត្រូវ​បើ​ពេល​ប្រមាណ​​ ១ ខែ ​ឯណោះ​​។​​
លោក ឡោត ឡឹក ក៏​បាន​ឲ្យ​ដឹងថា​​​៖ «ក្រោយ​មកពី​​កាប់​យក​​ស្លឹក​រឹ​ត​ស្រស់ៗ​ ដែលសម្បូរ​នៅ​ឆ្ងាយ​គឺ​​តំបន់​​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​ ឯណោះ​ មកនោះ​​គឹ​យើង​ត្រូវ​កាប់​​ជ្រៀក ឬ​​​សៀត​​​​​​សិន មុន​​​យក​ទៅ​​ហាល​​​ថ្ងៃ មាន​​រយៈ​​ពេល​ប្រមាណ​ ១​ ខែ​។ យើង​ក៏​ត្រូវ​ការ​​ឆ្អើរ​​​ ​១-២​ ថ្ងៃ​​ដែរ​ ទើប​អាចធ្វើ​​ឲ្យ​ស្លឹក​រ​រឹត​ ស្ងួត​បាន​​​ល្អ និង​​អាច​យក​មក​ចារ​​អក្សរ​បាន​»។ ​​ការ​​​​ចារ​អក្សរ​លើ​ស្លឹករឹត​នេះ ភាគ​ច្រើនជា​​កម្រង​សំណេរ​នៃ​សាច់​​​រឿង​​របស់​ព្រះពុទ្ធប្រវត្តិ​ ដែល​មាន​ក្នុង​គម្ពីរ​​​ព្រះ​ត្រៃបិដក​​ រួម​មាន​ដូចជាដំណាល​រឿង​ព្រះវេ​ស្សន្តរជាតក​ និង​ក្បួន​ច្បាប់​នានា​ ដែល​និយាយ​ពី​ព្រះ​​​ពុទ្ធឱវាទជា​ដើម​ តែ​ទៅ​ថ្ងៃ​មុខ​លោក​ក៏​មាន​ជម្រើស​​សម្រាប់​ភ្ញៀវ ដែល​ចង់​ចារ​អក្សរ​ជាសារ​ជូន​ពរ​ នា​​​ឱកាសពិសេសៗ​នានា​ តាម​សម័យ​ទំនើប​ដូច​ជា​​ខួប​​កំណើត​ជា​ដើម​បាន​ផង​​ដែរ ប្រសិន​មាន​បំណង​ចង់​បាន​នោះ​។​
​ព្រោះ​​តែ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ និង​ចង់​ថែរ​ក្សា​មរតក​វប្បធម៌​ខ្មែរ​មួយ​នេះ ​កុំ​ឲ្យ​រង​ការ​បាត់​បង់​​ដោយ​ខ្វះ​អ្នក​រៀន​ និង​ខ្វះ​ការ​គាំទ្រ​នោះ ទើប​​លោក ឡោត ឡឹង មាន​ឆន្ទៈដ៏​មុតមាំ​ចង់​បានការ​​ជួយ​​គិត​​​គូរ​ពី​ថ្នាក់​ក្រ​សួង ឬ​មន្ទីរ​ពាក់​ព័ន្ធ​ និង​បាន​កំពុង​តែ​​ឆ្លៀត​​បង្រៀន​ឥត​គិត​ថ្លៃ​ដល់​ក្មេងៗ​នៅ​ក្នុង​ភូមិ​ឃុំ​​ខ្លួន​​​នូវ​​ជំនាញ​ចារ​​ស្លឹក​រឹត​នេះ ​​រយៈ​ពេល​​ ១ ​ឆ្នាំ​រួច​មក​ហើយ​ ដោយ​​មានចំនួន ១០ នាក់​​ដោយ​ក្នុង​នោះ​ក៏​មាន​​កូន​ស្រី​ច្បង​​លោក​វ័យ ​១១ ឆ្នាំ​ ផង​ដែរ​។ ​លោក ឡោត ឡឹង បង្ហើប​​ថា៖ «ជា​សំណូម​ពរ​ទៅ​ថ្ងៃ​មុខ ចង់​ឃើញ​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ក្រសួង ឬ​មន្ទីរ ដែល​ពាក់​ព័ន្ធ​​ សូម​ឲ្យ​មាន​ការជួយ​រក​វិធី​ជួយ​រក្សា​នូវ​មរតក​វប្បធម៌​អក្សរសាស្រ្ត​នមួយ​នេះ​ កុំ​ឲ្យ​បាត់​ ព្រោះ​​ថា​សព្វថ្ងៃ​ បើ​នៅ​តំបន់​ខ្ញុំ​គឺ​កាន់​តែ​ខ្សត់​​​អ្នក​ចេះ​។

​​លោក ឡោត ឡឹង បង្ហើ​ប​ប្រាប់​ថា៖ «​បច្ចុប្បន្ន​​ អ្នក​ចេះ​ចារ​ស្លឹក​រឹត​ នៅ​ក្នុង​ស្រុក​​អង្គរធំ​ មាន​​សល់​ត្រឹម​តែ ​៣-៤​ នាក់​ តែ​ប៉ុណ្ណោះ ដែល​ចេះ​ចារ ដោយ​ក្នុង​​នោះ​រាប់​​​ទាំង​ខ្ញុំដែរ​។​ ​សម្រាប់​នៅ​ក្នុង​ឃុំ​លាងដៃ​វិញ​ មាន​តែ​រូប​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​ក៏​បាន​ឆ្លៀត​បង្រៀន​ក្មេងៗ​ ដែល​​ស្រឡាញ់​ និង​ចង់​ចេះ​ចារ​ស្លឹក​រឹត​នេះ​ បាន​ចំនួន ១០ នាក់ ហើយ​មក​ដែរ។ ​ក្នុង ​១០ នាក់ នោះ​មាន​ក្មេង​ប្រុស​៩​ នាក់ និង​ក្មេង​ស្រី​ ១​ នាក់ ដែល​​ជា​កូន​​ស្រី​​ច្បង​របស់ខ្ញុំ​​មាន​វ័យ​ ១១ ឆ្នាំ​ ហើយ​»។
​សម្រាប់​អ្ន​ក​និយម​សិល្បៈ​ចារ​ស្លឹក​រឹត ឬ​ចង់​បាន​ការ​ចារ​ស្លឹក​រឹត​អំពី​រឿង​រ៉ាវ​នានា​របស់​ខ្លួន​នោះ អាច​ទំនាក់​ទំនង​ជាមួយ​លេខរបស់​គាត់​ 069 909 107 ៕​