គុនល្បុក្កតោកម្ពុជា ឈ្នះមេដាយសំរឹទ្ធ២ គ្រាដែលកីឡាករ យ៉ុង ម៉េងលី ឡើងវគ្គផ្ដាច់ព្រ័ត្រ

62


(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា បានទទួលមេដាយលើកដំបូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅហ្វីលីពីនហើយ នៅថ្ងៃទី០១ ខែធ្នូនេះ ដោយដណ្ដើមបានលើប្រភេទកីឡាគុនល្បុក្កតោ រួមមានមេដាយសំរឹទ្ធ ២គ្រឿង ហើយបានកក់មេដាយប្រាក់១ ផងដែរ បន្ទាប់ពីកីឡាករ យ៉ុង ម៉េង ឡើងវគ្គផ្ដាច់ព្រ័ត្រ ។

ជាមួយការចូលរួមប្រកួតលើវិញ្ញាសា Arnis នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគុនល្បុក្កតោកម្ពុជា បានទទួលមេដាយជាបន្ដបន្ទាប់ ក្នុងនោះកីឡាករ មឿន ប៊ុនលី បានឈ្នះមេដាយសំរឹទ្ធ ១ ក្រោយប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Mike C.Banares ក្នុងប្រភេទទម្ងន់លើ ៦៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឯកីឡាករ សុខ ឈុន ក៏ទទួលបានត្រឹមមេដាយសំរឹទ្ធដែរ ក្រោយចាញ់កីឡាករវៀតណាម ក្នុងប្រភេទទម្ងន់លើ ៥៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

អ្វីដែលគួរឲ្យរីករាយ សម្រាប់គុនល្បុក្កតោកម្ពុជា ដែលចូលរួមប្រកួតស៊ីហ្គេមលើកដំបូងនេះគឺកីឡាករ យ៉ុង ម៉េងលី បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយមាស បន្ទាប់ពីរូបគេ បានប្រកួតឈ្នះកីឡាករមីយ៉ាន់ម៉ា Thet Naing Oo ក្នុងប្រភេទទម្ងន់លើ ៦០គីឡូក្រាម ។ ដូច្នេះមានន័យថា ម៉េងលី កំពុងកាន់មេដាយប្រាក់ក្នុងដៃ តែបើគេឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលនេះ ជើងខ្លាំងគុនល្បុក្កតោកម្ពុជារូបនេះ នឹងទទួលបានមេដាយមាសតែម្ដង ។

គួរបញ្ជាក់ថា ថ្ងៃនេះអត្តពលិកកម្ពុជា ៧ប្រភេទកីឡា បានធ្វើការប្រកួតលក្ខណៈទ្រង់ទ្រាយធំលើកដំបូង រួមមានកីឡាបាល់ទះឆ្នេរខ្សាច់, កីឡាវាយសី, កីឡាកាយសម្ព័ន្ធ, កីឡាសីប៉ាក់តាក្រ, កីឡារាំ, គុនល្បុក្កតោ(Arnis) និងកីឡាបាល់បោះ ៣ X ៣ ។ ប៉ុន្ដែក្នុងនោះមាន ២ប្រភេទកីឡា ដែលត្រូវប្រកួតកំណត់លទ្ធផលមេដាយក្នុងថ្ងៃនេះ គឺកីឡាគុនល្បុក្កតោ និងកីឡារាំ(ប្រកួតពេលរសៀល) ខណៈកីឡាផ្សេងទៀត គឺជាការប្រកួតជម្រុះនៅឡើយ៕