កញ្ញា ប៊ី សុធារី នឹងក្លាយជាតំណាងកម្ពុជាសម្រាប់កម្មវិធី Miss Charm International 2020

ភ្នំពេញៈ គ្រាន់តែបញ្ចប់កុងត្រាជាមួយនឹងក្រុមហ៊ុន Arise Agency ភ្លាម អតីតកញ្ញឯកចក្កវាឡកម្ពុជាឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី ក៏ក្តោបបានឱកាសថ្មីភ្លែតគឺក្លាយជាតំណាងកម្ពុជានៅក្នុងកម្មវិធីប្រកួត Miss Charm International 2020 នៅប្រទេសវៀតណាម ដើមខែមករា និងដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង។
គេអាចនិយាបានថា ណេះគឺជាការកត់សម្គាល់ថ្មីមួយទៀតសម្រាប់កម្មវិធី Miss Charm International ដែលជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោក ដែលនឹងត្រូវធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០២០ ហើយកញ្ញា ប៊ី សុធារី ក៏នឹងក្លាយជានារីខ្មែរដំបូង ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។ ដំណឹងនេះត្រូវបានកញ្ញា ប៊ី សុធារី ឲ្យដឹងហ្វេសប៊ុកថា៖ «ជំរាបសួរពុកម៉ែ បងប្អូន អ្នកគាំទ្រ ព្រមទាំងប្រជាជន កម្ពុជាទាំងអស់គ្នា ក្នុងឱកាសថ្ងៃនេះផងដែរ នាងខ្ញុំ ប៊ី សុធារី សូមជម្រាបជូនព័ត៌មានទៅកាន់ ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាឲ្យបានដឹងថា នាងខ្ញុំនឹងក្លាយជា Miss Charm Cambodia ដំបូងដែលនឹងត្រូវ តំណាងឲ្យកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Charm International 2020 ដែលនេះគឺជាឆ្នាំដំបូងនៃកម្មវិធី Miss Charm International ផងដែរ»។ កញ្ញា បន្តថា៖ «ហើយកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសវៀតណាម នៅចាប់ថ្ងៃទី៣ ដល់ទី១៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ដូច្នេះសូមពុកម៉ែ បងប្អូន អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់ មេត្តាកុំភ្លេចតាមដាន និងជួយគាំទ្រដល់ រូបនាងខ្ញុំផង ព្រោះអ្នកទាំងអស់គ្នាគឺជាកំលាំងចិត្តដ៏ធំមួយសម្រាប់រូបនាងខ្ញុំ ដើម្បីចូលរួមប្រកួតកម្មវិធី មួយនេះ។ សូមអរគុណ»។
គួររំឮកដែរថា កញ្ញា ប៊ី សុធារី គឺជាអតីតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៧ ថ្មីៗនេះនាងបានប្រកាសជាសាធារណៈថា បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency ហើយ ដោយសារតែមានភាពចម្រូងចម្រាសមួយចំនួន ពោលគឺក្រុមហ៊ុនធ្វើខុសលក្ខខណ្ឌមួយចំនួនក្នុងកុងត្រា ដែលធ្វើឲ្យនាងមិនអាចទទួលយកបាន៕
