សូមប្រុង​ប្រយ័ត្ន​! មានជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូល ដើរទារលុយជាថ្នូរមិនចុះពិនិត្យទីតាំងអាជីវកម្ម

31


(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេសប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះមានជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយ ជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ឬជួយដោះស្រាយបញ្ហាផ្សេងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងអនុវត្តតួនាទីត្រួតពិនិត្យទំនិញ និងសេវា ទាំងក្នុងក្របខណ្ឌទទួលខុសត្រូវផ្ទាល់ និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពនៃផលិតផលទំនិញ និងសេវា ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

វិធានការនេះតម្រូវឱ្យមន្ត្រីកាំកុងត្រូលចុះពិនិត្យនៅតាមទីតាំងក្រុមហ៊ុន សហគ្រាស សិប្បកម្ម ពាណិជ្ជកម្ម និងសិប្បកម្មនានា។ ស្របពេលជាមួយគ្នានេះ មានជនខិលខូចមួយចំនួន បានបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូល ដើរទារប្រាក់ពីម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដោយអះអាងជាថ្នូរការជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយ ឬជាថ្នូរនឹងការមិនចុះត្រួតពិនិត្យជាដើម។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ចៀសវាងការចាញ់បោកជនខិលខូច ហើយខាតបង់ថវិកាទាំងឥតប្រយោជន៍។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រាល់ប្រតិបត្តិការការងាររបស់មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺមានសំលៀកបំពាក់ជាឯកសណ្ឋានការងារ ដោយមានភ្ជាប់ស្លាកឈ្មោះ លេខសម្គាល់ខ្លួន និងមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ច្បាស់លាស់។

ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេស បើមានការសង្ស័យជាយថាហេតុណាមួយ សូមសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈអាស័យដ្ឋានៈ ផ្លូវបេតុងលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទាក់ទងទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦។

ក្រសួងសង្ឃឹមថា ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ នឹងចូលរួមសហការល្អជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីការពារផលប្រយោជន៍ជូនវិស័យឯកជន និងផលប្រយោជន៍ប្រជាពលរដ្ឋ ព្រមទាំងដើម្បីធានាឱ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរ៕