គ្រូបង្វឹកក្រុមជម្រើសជាតិ U22 ដាក់គោលដៅយកមេដាយមាស ក្រោយឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ

189


(ម៉ានីល)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានប្រាប់កូនក្រុមត្រូវត្រៀមខ្លួនឲ្យកាន់តែល្អថែមទៀត ដើម្បីប្រជែងមេដាយមាសជូនជាតិ។

ការអះអាងបែបនេះ គឺក្រោយពេលក្រុម U22 កម្ពុជា បានបំបាក់ U22 ម៉ាឡេស៊ី ៣-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីល្ងាចមិញ។

លោក Felix បាននិយាយថា «ថ្ងៃនេះយើងពិតជាធ្វើបានអសា្ចរ្យ ហើយខ្ញុំជឿជាក់លើពួកយើងទាំងអស់គ្នាតាំងពីដើម ខ្ញុំមានទំនុកចិត្តលើកីឡាករទាំង ២០នាក់។ ឥឡូវយើងធ្វើបានមួយដំណាក់កាលហើយ ដូច្នេះយើងត្រូវត្រៀមវគ្គបន្ដក្នុងការឆ្ពោះទៅរកមេដាយ ហើយយើងអត់មានគិតរឿងលេខ៣ អីទេ គឺយើងគិតរឿងពាន យើងដាក់គោលដៅដណ្ដើមមេដាយមាសសិន»។

ទន្ទឹមជាមួយគ្នាលោកក៏បានក្រើនរំឭកកីឡាករ មិនត្រូវមានការធ្វេសប្រហែសនោះទេ ទោះបីបាល់ទាត់កម្ពុជាឡើងមួយកម្រិត ហើយគេគោរពមែន តែមិនទាន់គ្រប់គ្រាន់ឡើយ កីឡាករម្នាក់ៗ ត្រូវខំប្រឹងបន្ថែមទៀត ដើម្បីសម្រេចក្ដីស្រម៉ៃរបស់ខ្លួន។

លោកថា «ឥឡូវបេសកកម្មរបស់យើង មិនទាន់ចប់ទេ យើងត្រូវថែរក្សារៀងកាយរបស់យើង វាមិនបញ្ហារឿងលទ្ធផលទេ បញ្ហាគឺយើងត្រូវការរីកចម្រើនបន្ដទៀត យើងរីកចម្រើនហើយ ការប្រកួតបន្ទាប់ យើងកាន់តែល្អជាងនេះទៀត»។

គួរបញ្ជាក់ថា ក្រុម U22 កម្ពុជា បានបញ្ចប់បេសកកម្មប្រកួតក្នុងពូល A ដោយឈរលេខ២ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ និងរកបាន ៧ពិន្ទុ ស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន តែក្រុមម្ចាស់ផ្ទះបានត្រឹមក្អួតឈាម ព្រោះចាញ់ប្រៀបគ្រាប់បាល់ចំណេញរបស់កម្ពុជា។ រីឯក្រុមកំពូលតារាង បានទៅក្រុម U22 មីយ៉ាន់ម៉ា ដែលត្រូវដឹកដៃជាមួយគោព្រៃកម្ពុជា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រង់ចាំក្រុមលេខ១ និងលេខ២ ពូល B ដែលត្រូវប្រកួតកាត់សេចក្ដីថ្ងៃនេះ៕