តារា​សម្តែង​ស្រី​​​ចេះ​ក្បាច់​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ ប្រកាសមិនថតស្ប៉តគ្រឿងស្រវឹង​

386


ភ្នំពេញៈ ថ្មីៗនេះ​បង្កការភ្ញាក់​ផ្អើល​ដល់មហាជន​ ខណៈ​ដែ​ល​តារា​សម្តែង​ស្រី​ល្បី​អាច​សម្តែង​បាន​គ្រប់​ទម្រង់ និង​​ចេះ​ក្បាច់​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ បាន​​ប្រកាស​ថា ខ្លួន​​មិន​ថត​ស្ប៉ត​ដែល​ផ្សព្វផ្សាយ​សារ​ជាតិ​ស្រវឹង​​ជា​សាធារណៈ​​ឡើយ ដោយ​បង្ហើបឲ្យដឹង​នៅ​ក្នុង​បណ្តាញ​សង្គម​។​
តារា​សម្តែង​វ័យ​ក្មេង​ទទួល​បាន​ការ​កោត​សរសើរ​​ថា ​ជា​តារាស្រី​​រលក​ក្រោយ​ ប៉ុន្តែ​ហាក់ដូចជា​មាន​ការ​ខ្វល់ខ្វាយ​ច្រើន​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ច្រើន​​​ ខណៈ​កញ្ញា ​ពេជ្រ​ ចរណៃ បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា៖ ​​«សូម​ប្រកាស​ថា: នាង​ខ្ញុំ​មិន​ទទួល​ថត​ ឬ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ»​។

តារា​សម្តែង​ស្រី និង​ជា​ពិធីការិនី​រូប​ស្រស់​​វ័យ​​ ២៥ ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ទៀត​​ថា​៖​ «​តាម​ពិត​ទៅ​​តាំង​ពី​ដើម​​មក​ម្ល៉េះ នាង​ខ្ញុំ​មិន​ដែល​ទទួល​ថត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្តែ​កន្លង​មក​​ខ្ញុំ​បាន​ត្រឹម​តែ​បដិសេធ​​លក្ខណៈ​មិន​បើក​ចំហ ដោយសារ​នៅ​តែ​មាន​ការ​ទាក់ទង​មក​ឲ្យ​ខ្ញុំ​ផ្សព្វផ្សាយ​បែប​នេះ​ទៀត ទើប​​ខ្ញុំ​សម្រេច​ចិត្ត​ប្រកាស​ជា​សាធារណៈ​ដូច្នេះ​​តែ​ម្តង​ទៅ​»​។

កញ្ញា ពេជ្រ​ ចរណៃ ក៏​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិន​ទទួល​​ថត​ផ្សព្វផ្សាយ​ជាតិ​​ស្រវឹង​យ៉ាង​​ដូច្នេះ​ដែរថា​៖ ​«គោល​បំណង​ខ្ញុំ​គឺ​មិន​ចង់​ផ្សព្វផ្សាយ​ដល់​យុវជន​ ឬ​ក្មេងៗ​ណា ដែល​គាត់​បាន​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​អី​ផ្សេងៗ​ នៅ​ពេល​ដែល​គាត់​ឃើញ​ថា​ ខ្ញុំ​ជា​យុវជន​ម្នាក់​ដែល​ជា ​អាយ​ដល ​របស់​គាត់​ ហើយ​បែរ​មក​ថត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ​​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ណែនាំ​ឲ្យ​ពួក​គាត់​ទទួល​ផឹក​គ្រឿង​ស្រវឹង​អ៊ីចឹង​ វា​ជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​បាន​គិត ហើយ​ទោះបី​ជា​បាន​លុយ​ច្រើន​ប៉ុន​ណា​ក៏​ខ្ញុំ​មិន​ថត​ដែរ​។ មិន​មាន​ន័យ​ថា​ហាម​ឃាត់​មិន​ឲ្យ​មាន​អ្នក​​ញ៉ាំ​ទេ សូម្បី​​ខ្ញុំ​ក៏​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​ ប៉ុន្តែ​​ញ៉ាំ​តែ​ពេល​មាន​កម្មវិធី​ធំៗ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ​ដែល​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​»៕​