ទីបំផុតម្ចាស់មកុដ Miss Universe 2019 បានទៅលើបវរកញ្ញាអាហ្វ្រិកខាងត្បូង!

237


(បរទេស)៖ កម្មវិធីប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Universe 2019» ក្រោយឆ្លងកាត់ការប្រកួតប្រជែងដល់ស្វិតស្វាញ អស់រយៈពេលច្រើនថ្ងៃ រួចមកដែលមានសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ ពេលនេះគេបានរកឃើញម្ចាស់ជយលាភីហើយ បានទៅលើបវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៩០ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily News នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ខណៈដែលបវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង ក្ដោបបានតំណែងម្ចាស់មកុដ «Miss Universe 2019» គឺមានការបំពាក់មកុដផ្ទាល់ ពីបវរកញ្ញាដែលជាម្ចាស់ជយលាភីឆ្នាំ២០១៨ មកពីប្រទេសហ្វីលីពីន។ បេក្ខនារីមកពីអាហ្វ្រិករូបនេះ បានទទួលជយលាភី ជាមួយនឹងការគ្រងមកុដ ដែលមានតម្លៃរហូតដល់ទៅ៥ លានដុល្លារអាមេរិកឯណោះ។ ដោយក្នុងនោះ បវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង បានយកឈ្នះលើបេក្ខនារីចំនួន ២០នាក់ ផ្សេងទៀតក្នុងវគ្គ Top 20។

គួរជម្រាបថា Zozibini Tunzi បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសារដ៏មានអត្ថន័យរបស់នាង គឺចូលរួមប្រឆាំងនឹងការប្រើអំពើហឹង្សាលើភេទទន់ខ្សោយ។ ជាពិសេស គឺការបណ្តុះស្មារតីឲ្យនារី ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន និងមានភាពជាអ្នកដឹកនាំ៕