​ខ្លែង​ឯក​មក​ពី​ខេត្ត​តាកែវឈ្មោះ​ «បក្សី​​ភ្នំដំរី​​រមៀល» ជាប់​​លេខ១​ក្នុង​​មហោ​​ស្រព​​បង្ហើរខ្លែង​​ខ្មែរ​​ឆ្នាំ​២០១៩​

217


ភ្នំពេញៈក្រុម​ខ្លែង​ឯក​ខ្មែរ ​​​​ជាក្រុម​​តំណាង​ប្រតិភូ​មន្ទីរ​មក​ពី​ខេត្ត​​តាកែវ​មាន​ឈ្មោះ​ថា «បក្សី​ភ្នំដំរី​រ​មៀល​» បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ​ពី​កម្ម​វិធី​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី២៣ ​ដែល​​បាន​ប្រារព្ធ​​​​​ធ្វើ​​នៅ​​​ឯ​ខេត្ត​កោះ​កុង​ កាល​​ពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​ កន្លង​មក​នោះ ដោយ​មាន​​​​​ក្រុម​តំណាង​​​​ខេត្ត​​-ក្រុង​​នានា​ចូល​រួម​មាន​ចំនួន​ ២៣​ ខេត្ត-​ក្រុង​ និង​​បេក្ខជន​​​ស្វៃរិន​​ចូល​រួម​ចំនួន​​ ៤៧ រូប​​។​
​​ចំណាត់​ថ្នាក់​លេខ២​ បាន​ទៅលើ​​ក្រុម​​​តំណាង​​ប្រតិភូ​មន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​ មានឈ្មោះ​ថា «​សំរិទ្ធ​​សែន​​​​មាន​​​ជ័យ»​ និង​ចំណាត់​ថ្នាក់​លេខ​៣ ស្ទួន បាន​​ទៅ​លើ​ក្រុម​តំណាង​​​ប្រតិភូ​មន្ទីរ​ខេត្ត​​កោះកុង គឺ​ជា​ម្ចាស់​ផ្ទះ ដែល​​​រៀប​ចំកម្ម​វិធី​​មហោ​ស្រព​បង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី​២៣​​ ឆ្នាំ​​២០១៩​នេះ​ ដែល​មាន​ឈ្មោះ​ថា «ប្រុស​សង្ហា​​​បារមី​ឃុន​​​ឆាង​» និង​ក្រុម​​តំណាង​​​​ប្រតិភូ​មន្ទីរ​ខេត្ត​​​​​មណ្ឌល​គិរី​ មាន​​ឈ្មោះ​​ថា «សម្រស់​ធន​ធាន​ធម្ម​ជាតិ​​​​​មណ្ឌល​​​គិរី»​។

ចំណែក​​ឯ​លទ្ធ​ផល​នៃ​ក្រុម​ប្រកួត​ខ្លែង​ច្នៃ​ប្រឌិត​ សម្រាប់​​​បេក្ខជន​ស្វៃរិន​វិញ ​ចំណាត់​ថ្នាក់​លេខ​ ​១ គឺ​បាន​ទៅ​​លើ​​កញ្ញា សាន ស្រីរ័ត្ន មក​ពី​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ខណៈចំណាត់​ថ្នាក់​​លេខ​ ​២​ បាន​​​ទៅ​លើ​​លោក​​ សាមុត វុទ្ធា មក​​ពី​ខេត្ត​ប៉ៃលិន និង​​ចំណាត់​​លេខ​​៣​ បាន​លើ​លោក​ រ័ត្ន វិឆ័យ មក​ពី​ស្រុក​​កៀន​ស្វាយ ខេត្ត​កណ្តាល​។

លោក រឿង សារ៉េត ជា​អនុប្រធាន​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​​ដឹងពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​យក​ក្រុម​ខ្លែង​ជយ​លាភី​ទាំង ២ វិញ្ញាសា​គឺ​ទី ១ ខ្លែង​ឯក ឬ​ខ្លែង​ព្នង សម្រាប់​​តំណាង​​មន្ទីរ​ខេត្ត-ក្រុង និង​ទី ២ ជា​ខ្លែង​ច្នៃ​ប្រឌិត សម្រាប់​បេក្ខជន​ស្វៃរិន នា​ពេលដាក់​ពាក្យ​​​ចូល​​រួម​ប្រកួត​ជា​រៀង​រាល់​​ឆ្នាំ​​ដែរ​ថា៖ «ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស​វិញ្ញាសា​ទី ១ (ខ្លែង​ឯក ឬ​ខ្លែងព្នង ឬ​ខ្លែង​​មេ​កូន)​ គឺ​យើង​ផ្អែក​ទៅ​លើ​កត្តា​សំខាន់ ៣ យ៉ាង គឺមាន​​សំឡេង​ឯក​ពីរោះ​រណ្តំ សោភណ​ភាព​ល្អ (វិចិត្រកម្ម) និង​ការ​បង្ហើរ​ឡើង និង​ដាក់​ចុះ​បាន​​ល្អ។ ខណៈ​វិញ្ញាសា​ទី ២ (ខ្លែង​ច្នៃប្រឌិត)​ ផ្អែកទៅ​លើ​ទម្រង់ និង​បច្ចេកទេស​ផលិត​ល្អ សោ​ភណភាព​ល្អ (វិចិត្រកម្ម) និង​បង្ហើរ​ឡើង និង​ដាក់​ចុះ​បាន​ល្អ។ ចំណែក​ឯ​បេក្ខជន-បេក្ខនារី ធ្លាប់​ទទួល​បាន​ជយ​លាភី​រួច​កាល​ឆ្នាំ​មុនៗ​មក​​ហើយ​​​នោះ គឺ​​មិន​​អាច​​ដាក់​ពាក្យ​​​ចូល​​រួម​​​ប្រកួត​​​ម្តង​​ទៀត​​បាន​​នោះ​ឡើយ»។
គួរ​​បញ្ជាក់​ថា ការ​ប្រារព្ធ​​កម្ម​វិធី​មហោស្រព​​ខ្លែង​ខ្មែរ​​នេះ តែង​​​ប្រារព្ធធ្វើ​​រាល់​​ឆ្នាំ ដោយ​សារ​បាន​​​យ​ក​លំនាំ​​​​គិត​​តាម​ត្រឹម​នៃ​​ការ​​ប្រារព្ធ​ធ្វើ​នៅ​​​សម័យ​កាល​​​ក្នុង​រាជ​ស្តេច​​ព្រះ​អង្គឌួង ដែល​​បាន​​កំណត់​យក​​​តាម​​ប្រតិ​ទិន​​ចន្ទ​គតិ​របស់​ខ្មែរ​ត​រៀង​មក​គឺ​នៅ​ថ្ងៃ​ទី​១៥ កើត នៃ​ខែ​មិគសិរ​ ជា​រៀងរាល់​​ឆ្នាំ​​៕​