សភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតដំណើការនីតិវិធីដកតំណែង លោក ដូណាល់ ត្រាំ

151


(វ៉ាស៊ីនតោន)៖ ទីបំផុតដូចការរំពឹងទុក សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តហើយ លើការចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងប្រឆាំងលោក ដូណាល់ ត្រាំ ដែលនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានដំណើការនីតិវិធីដកតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ក្រោយការជជែកដេញដោលជាង ៦ម៉ោង សភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេងដូចគ្នា ២៣០ ទល់នឹង ១៩៧សំឡេង។

នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងនោះឡើយ។

ប៉ុន្តែបន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕