ដំរីស្លៀកពាក់ជាសាន់តាក្លូស ដើរចែកកាដូ និងស្ករគ្រាប់ដល់កូនសិស្សនៅថៃ

156


ថ្មីៗនេះមានដំរីប៉ុន្មានក្បាលបានស្លៀកពាក់ជាសាន់តាក្លូស (Santa Claus) ហើយបានដើរឱ្យកាដូ និងស្ករគ្រាប់ដល់កូនសិស្ស នៅក្នុងសាលា Jirasartwitthaya នៅឯខេត្តអយុធ្យាប្រទេសថៃ ថ្វីបើប្រទេសនេះមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាង ៩០% ក៏ដោយ។ មានដំរី ៤ក្បាល បានស្លៀកពាក់ដូចជាតាសាន់តាក្លូស ដើម្បីធ្វើការសម្ដែងសៀកឱ្យទស្សនា ក៏ដូចជាចែកអំណោយឱ្យក្មេងៗ ហើយសាលានេះផ្ទាល់បានមានទម្លាប់ធ្វើកម្មវិធីបុណ្យណូអែលនេះរយៈពេល ១៥ឆ្នាំ មកហើយ។

ក្នុងកម្មវិធីនេះសាលាក៏មានរៀបចំឱ្យកូនសិស្ស និងដំរី ធ្វើការអង្គុយចេញជារូបដើមសាប៉ាំង និងលើកដៃប្រណម្យ នៅពីក្រោមឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្ររបស់ពួកគេផងដែរ។ សិស្សៗដែលបានចូលរួមនៅក្នុងកម្មវិធីនេះមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារថាពួកគេស្រឡាញ់ដំរីដូចជាមិត្ត ហើយម៉្យាងទៀតដំរីនេះក៏ជាសត្វតំណាងជាតិរបស់ពួកគេដែរ ដូច្នេះពួកគេពិតជារីករាយខ្លាំងណាស់។ គួរឱ្យដឹងដែរថា ប្រទេសថៃមានអ្នកកាន់សាសនាព្រះពុទ្ធរហូតដល់ទៅ ៩៨% ប៉ុន្តែការអបអរបុណ្យណូអែល គឺជាផ្នែកមួយនៃរដូវឈប់សម្រាកចុងឆ្នាំរបស់ពួកគេ៕