ថាម៉េច! អ្នកនាង សុខ សោម៉ាវត្តី ចេញថតកុនថ្មីឡើងវិញក៏ព្រោះតែខ្លាចអ្នកគាំទ្រភ្លេចមុខ

ភ្នំពេញៈ តារាសម្តែងស្រីអ្នកមេម៉ាយចាយសម្រស់ អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីបាត់មុខពីការថតកុនមួយរយៈ ទើបតែបានលេចមុខសម្តែងរឿងថ្មីរបស់ផលិតកម្មអិលឌី Picture ក្នុងរឿង «ប្រពន្ធខ្ញុំស្រលាញ់ស្រី» ដែលត្រូវសម្តែងជាតួស្រីមានចរឹកដូចមនុស្សប្រុស និងស្រលាញ់ភេទដូចគ្នានោះ។
ទោះបីជាបាត់វត្តមានពីការសម្តែងរយៈពេលយូរក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីរូបនេះនៅតែទទួលបានប្រជាប្រិយភាព និងនៅតែមានការគាំទ្រពីមហាជន នៅពេលនាងលេចវត្តមាននៅក្នុងកុនថ្មី ដោយសារភាពប៉ិនប្រសប់នៃការសម្តែងយ៉ាងក្រមិចក្រមើម។ នាជំនួបក្នុងរយៈពេលខ្លី ក្នុងថ្ងៃសម្ភោធរឿង«ប្រពន្ធខ្ញុំស្រលាញ់ស្រី» កាលពីពេលថ្មីៗ តារាសម្តែងស្រីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី បានថ្លែងឲ្យបានដឹងថា៖ «តាមពិតទៅខ្ញុំមានភាពរវល់ច្រើន ជាមួយ Business ផ្ទាល់ខ្លួន ទើបមិនបានទទួលថតរឿង ណាមួយការងារនៅប៉ុស្តិ៍ក៏ច្រើនដែរ»។
តារាសម្តែងស្រី សុខ សោម៉ាវត្តី ក៏បានបន្ថែមដូច្នេះទៀតថា៖«ឥលូវខ្ញុំមានក្រុមហ៊ុនគ្រឿងសម្អាងមួយ ហើយក៏កំពុងមានគម្រោងលក់ផលិតផលទាក់ទងជាមួយសុខភាពផងដែរ។ សម្រាប់ការទទួលថតវិញ ថតបានតែ ២ រឿងទេនៅឆ្នាំនេះ ឆ្នាំ ២០១៩»។ ចំពោះការងារសិល្បៈខាងសម្តែង តារាស្រីមេម៉ាយកូនមួយ កំពុងល្បីកំលោះសង្ហារកីឡាបាល់ទាត់ស្អំបេះដូងអ្នក សុខ សោម៉ាវត្តី បានសម្តែងចំនួន ២ រឿងប៉ុណ្ណោះ ដោយរឿងទី ១ ជារឿងភាគកំពុងចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន«អ្នកស៊ើបអង្កេតខួរក្បាលអច្ឆរិយ» និងរឿងដុំ«ប្រពន្ធខ្ញុំស្រលាញ់ស្រី» ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងកុនផងដែរ។
ដោយសារសម្រស់នៅតែស្រស់ស្អាតគួបផ្សំជាមួយភាពប៉ិនប្រសប់នៃការសម្តែង ដែលអាចបត់បែនបានគ្រប់កាយវិការតាមដែលអ្នកដឹកនាំចង់បាន ព្រមទាំងខ្សែភាពយន្តដែលមានវត្តមាននាង តែងតែទទួលបានការគាំទ្រពីមហាជន ធ្វើឲ្យតារាស្រីរូបនេះនូវតែគ្រងដំណែងជាតួឯកស្រី ទោះបីជាមានវ័យជ្រេបន្តិចមែន។ ទោះបីជាមានភាពមមារញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួនយ៉ាងក៏ដោយ ក៏អ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ពីការបែងចែកពេលវេលានៅក្នុងការងារសិល្បៈថា៖ «ឆ្នាំថ្មី ២០២០ ខាងមុខនេះ ខ្ញុំមិនទាន់មានគម្រោងថា ថតរឿងថ្មីនោះទេ វាអាស្រ័យលើការបែងចែកពេលវេលា ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំមិនឈប់ពីការសម្តែងដែរ ដោយសារជាអាជីពដែលខ្ញុំស្រលាញ់ គ្រាន់តែថាយូរសម្តែងមួយរឿងកុំឲ្យអ្នកគាំទ្រភ្លេចមុខ»។ គួរបញ្ជាក់ដែរថា តារាស្រីកូនមួយពូកែវោហាសម្រស់ក្រមុំមិនដូររូបនេះ ផ្អាកតែការសម្តែង តែប៉ុណ្ណោះ ចំពោះការងារជាពិធីការិនី នៅតែបន្ត ថែមទាំងជាតំណាងនៃការផ្សព្វផ្សាយទឹកដោះគោ Nutri Gold Cambodia ទៀតផង៕
