មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាជិត៤ម៉ឺនដុល្លារពីសប្បុរសជន នៅរាត្រីឆ្លងឆ្នាំ

31


(សៀមរាប) ៖ មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដែលជួបការកង្វះខាតថវិកាប្រមាណជា៧ម៉ឺនដុល្លារអាមេរិក ដើម្បីប្រតិបត្តិការមនុស្សធម៌របស់ខ្លួននោះ បានទទួលថិវកាជិត៤ម៉ឺនដុល្លារ ពីសប្បុរសជននៅរាត្រីឆ្លងឆ្នាំ។

មានការរៀបចំរាត្រីសមោស សប្បុរសធម៌មួយ នៅក្នុងរាត្រីឆ្លងឆ្នាំសាកល នៅសណ្ឋាគារ ម៉េម័រ ផាលេស និងស្បា (ក្រុងសៀមរាប) ដើម្បីរ៉ៃអង្គាសថវិកា ចូលក្នុងមូលនិធិទ្រទ្រង់កិច្ចមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងមានប្រតិបត្តិការមនុស្សធម៌ ពិនិត្យ និងព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។

លោក ហ្វីលីប កៅ ស្ថាបនិកសណ្ឋាគារ ម៉េម័រ បានថ្លែងនៅក្នុងមតិស្វាគមន៍ ចំពោះការចូលរួមរបស់ភ្ញៀវ ដែលជាសប្បុរសជនថា កាលពីរាត្រីឆ្លងឆ្នាំសាកលឆ្នាំមុន (ឆ្នាំ២០១៨-២០១៩) រាត្រីសមោស សប្បុរសធម៌នេះ នៅសណ្ឋាគារ ម៉េម័រ បានរៀបចំម្តងរួចមកហើយ ដោយទទួលបានថវិកាសប្បុរសធម៌ជាង៣ម៉ឺនដុល្លារ។

លោកថា សម្រាប់ការរៀបចំរាត្រីសមោស សប្បុរសធម៌ឆ្នាំនេះ សណ្ឋាគារម៉េម័រ ផាលែស មានដៃគូថ្មីជាមួយក្រុមហ៊ុនលក់គ្រឿងអលង្ការ ហាងជាង ប៉ាក់វណ្ណហុង គឺមានការចូលរួមពីសប្បុរសជនជាតិ និងអន្តរជាតិ បានថវិការប្រមាណជិត៤ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកស្រី អ៊ឹមផាន វណ្ណឌី នាយិកាក្រុមហ៊ុន ហាងជាង ប៉ាក់វណ្ណហុង ដែលជាអ្នកឧបត្ថម្ភនៅក្នុងកម្មវិធីនេះ បានថ្លែងឲ្យដឹងថា ថវិកាសប្បុរសជន ដែលប្រមូលបានជិត ៤ម៉ឺនដុល្លារនេះ គឺបានមកពីការដកតម្លៃឈ្នួល ដែលអតិជនបានជាវគ្រឿងអលង្ការពីក្រុមហ៊ុន ក្នុងរយៈពេល២សប្តាហ៍ មុនរាត្រីឆ្លងឆ្នាំនេះ និងមួយចំណែកទៀត បានមកពីការដកភាគរយ នៃការជាវសន្លឹកប័ណុ្ណចូលរួមកម្មវិធីរាត្រីសមោស សប្បុរសធម៌ឆ្លងឆ្នាំ ដែលរៀបចំឡើងដោយ ម៉េម័រ ។

កាលពីពីរសប្ដាហ៍មុន លោកស្រី ស៊ិនកេត អារុណ តំណាងមន្ទីរពេទ្យកុមាអង្គរ បានអំពាវនាវស្វែងរកសប្បុរសជន សម្រាប់ជួយបំពេញនូវកង្វះខាតថវិកា នាចុងឆ្នាំ២០១៩នេះ ដែលមន្ទីរពេទ្យប្រឈមនឹងកង្វះខាតថវិកា ប្រមាណជា៧ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការមនុស្សធម៌ ខណៈពេលដែលក្នុង១ថ្ងៃ មន្ទីរពេទ្យកុមារអង្គរ ផ្តល់សេវាពិនិត្យ ព្យាបាលជម្ងឺកុមារ ដោយឥតគិតថ្លៃ ចំនួនពី ៥០០ ទៅ ៦០០នាក់ ជាមួយនឹងការចំណាយលើកម្មវិធីបណ្តុះបណ្តាលជំនាញ និងចុះបេសកកម្មផ្សេងទៀត នៅតាមសហគមន៍ ដែលទាក់ទងទៅនឹងការអប់រំសុខភាពផងដែរ ដែលមន្ទីរពេទ្យកុមារអង្គរ មានតម្រូវការចំណាយសរុប ក្នុង១ឆ្នាំប្រមាណជា ៦.៥០លានដុល្លារអាមេរិក៕