ប្រណាំងកង់​ពិភពលោក ល្បឿនដល់ទៅ ៤០គីឡូម៉ែត្រ​ក្នុង​១ម៉ោង! គណៈកម្មការ​ស្នើ​អាជ្ញាធរ និង​ពលរដ្ឋ ចូលរួម​សហការ​ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ការប្រកួត

131


(កោះកុង)៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា លើកទី១ នឹងចាប់ផ្ដើមប្រកួតនាថ្ងៃស្អែកនេះហើយ ដោយចេញដំណើរពីខេត្តកោះកុង កាត់ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០។ ទន្ទឹមជាមួយគ្នា គណៈកម្មការរៀបចំបានស្នើយ៉ាងទទូចដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមសហការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុវត្ថិភាពក្នុងការប្រកួត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ គឺមានល្បឿនយ៉ាងហោច ៤០គីឡូម៉ែត្រក្នុង ១ម៉ោង ហេតុនេះអាជ្ញាធរ និងសមត្ថកិច្ច ត្រូវរឹតបន្ដឹងរឿងចរាចរ ដោយមុនពេលក្បួនប្រណាំងកង់ចេញដំណើរ ៣០នាទី ត្រូវតែបិទចរាចរលើកំណាត់ផ្លូវត្រូវប្រណាំងដាច់ខាត។ ហើយបញ្ហាសត្វពាហនៈ ដែលអាចរំខានជាយថាហេតុដល់ក្បួន ក៏ត្រូវការពារផងដែរ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសរបស់ស្នងការគ្រប់គ្រងព្រឹត្តិការណ៍ នៅព្រឹកថ្ងៃសុក្រនេះ នៅរមណីយដ្ឋានតារាសាគរ។ លោកបន្ដថា «កំណាត់ផ្លូវត្រូវប្រណាំង មិនអនុញ្ញាតឲ្យយានយន្ដធ្វើចលនាទេ សូម្បីគាត់នៅលើផ្លូវហើយក៏ដោយ ក៏ឲ្យគាត់អែបខាង ហើយពន្លត់ម៉ាស៊ីនឈប់ដែរ។ មួយវិញទៀត អ្នកចេញឡាន ឬម៉ូតូ ពិសេសក្មេងតូចៗត្រូវមានការក្រើនរំឭក និងអំពាវនាវឲ្យប្រជាពលរដ្ឋមានការយល់ដឹង ហើយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពេលចេញមកអបអរក្បួន ដើម្បីចៀសវាងឧបទេវហេតុផ្សេងៗ ព្រោះប្រណាំងកង់នេះលឿនណាស់ ល្បឿន ៤០គីឡូម៉ែត្រក្នុង ១ម៉ោងឯណោះ»។

ទន្ទឹមជាមួយគ្នាលោក Wayne Pomario ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ បានថ្លែងថា ព្រឹត្តិការណ៍នេះ ត្រូវធ្វើយ៉ាងណាផ្សាភ្ជាប់ឲ្យបានដាច់ខាតនូវបរិស្ថានល្អ ត្រូវមានការរៀបចំបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ និងកត្ដាផ្សេងៗទៀតឲ្យបានស្អាត ព្រោះសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) បាននឹងកំពុងជំរុញការប្រកួតនេះ ឲ្យក្លាជាព្រឹត្តិការណ៍ពិភពលោក ដាក់ក្នុងប្រតិទិនរបស់ពិភពលោក ដោយចាប់ផ្ដើមរៀបចំការប្រណាំងនាដើមឆ្នាំនៅកម្ពុជា បន្ទាប់មកទើបរៀបចំនៅប្រទេសផ្សេងៗ។

ចំពោះកម្មវិធីប្រកួតនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ រួមមាន៖

– ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ក្បួនប្រណាំងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។
– ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករា ក្បួនប្រណាំងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។
– ដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករា ក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ៕