កប់បាត់! ប្រកាសមិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះឃើញមាន​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ជាច្រើន ​ត្រូវ​បាន​គេប្រទះឃេីញ​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ៗជិះតាមផ្លូវបាត់

158


កាលពី​ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនដៃគូ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។

ចំពោះ​ការដេញថ្លៃ​វិញ គឺត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖​ vehicle.mpwt. gov . kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

យ៉ាង​ណាមិញ​ បន្ទាប់​ពី​ដាក់​ឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តមិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ស្រាប់​តែ​មាន​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​គេប្រទះឃេីញ​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ៗ និង​បាន​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ ដែលធ្វើឲ្យ​មានការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ជាច្រើន​។