ព្រះសង្ឃជាង១០០អង្គ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ៣៦នាក់ដែលស្លាប់ក្នុងអគារបាក់រលំនៅក្រុងកែប

110


ខេត្តកែប៖ រដ្ឋបាលខេត្តកែប និមន្តព្រះសង្ឃជាង១០០អង្គ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ៣៦នាក់ដែលស្លាប់ក្នុងអគារបាក់រលំនៅក្រុងកែប។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃ០៨ ខែមករា​ ឆ្នាំ២០២០ ទីកន្លែងអគាររលំបាក់ ក្រោមវត្តមានឯកឧត្តមកែន សត្ថា អភិបាលខេត្តកែប និងវត្តមានឯកឧត្តមសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប។

សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង