សហរដ្ឋអាមេរិក អះអាងថា ករណីយន្តហោះអ៊ុយក្រែនធ្លាក់នៅក្នុងប្រទេសអ៉ីរ៉ង់ គឺដោយសារការបាញ់ទម្លាក់ដោយគ្រាប់ម៉ីសីល

36


(អាមេរិក)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗ CNN, BBC, AP បានចេញផ្សាយនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា មន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក បានអះអាង ករណីយន្តហោះអ៊ុយក្រែនធ្លាក់ នៅក្នុងប្រទេសអ៉ីរ៉ង់ គឺដោយសារត្រូវបានបាញ់ទម្លាក់ដោយម៉ីសីល មិនមែនដោយសារបញ្ហាគ្រឿងម៉ាស៊ីនទេ នេះបើយោងតាមផ្កាយរណបស៊ើបការណ៍របស់អាមេរិក។

សូមជំរាបថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) ជើងហោះហើរលេខ៧៥២ បានដឹកអ្នកដំណើរ និងអាកាសយាននិកទាំងអស់សរុប១៧៦នាក់ បានធ្លាក់នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ ។

ភ្លាមៗក្រោយពីធ្លាក់ប្រទេសអ៉ីរ៉ង់បានអះអាងថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជាដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីន។

ករណីយន្តហោះអ៊ុយក្រែនធ្លាក់នោះមានអ្នកស្លាប់ទាំង១៧៦នាក់ ក្នុងនោះមានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់, ស៊ុយអែត១០នាក់, អាហ្វហ្គានីស្ថាន៤នាក់, អាល្លឺម៉ង់ ៣នាក់ និងអង់គ្លេស៣នាក់។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្សាយថា យន្តហោះធ្លាក់បានកើតឡើងក្រោយយន្តហោះហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់ កាលពីមុនព្រឹកព្រលឹមថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ (ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)៕