ក្រសួងសុខាភិបាល ជូនដំណឹង​ដល់​ពលរដ្ឋ អំពី​ជំងឺ​រលាក​សួត មិន​ស្គាល់​អត្តសញ្ញាណ

30


ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៃ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​អំពី​ជំងឺ​រលាក​សួត មិន​ស្គាល់​អត្តសញ្ញាណ ដើម្បី​ជំរាបជូន​សាធារណៈជន​បាន​ជ្រាប និង​វិធានការ​ប្រុងប្រយ័ត្ន​ខ្លួន​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ឲ្យ​អ្នកធ្វើដំណើរ​ដែល​ទៅ ឬ វិលត្រឡប់​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​មានការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ពី វិធានការណ៍​ការពារ ជំងឺ​រលាក​សួត មិន​ស្គាល់​អត្តសញ្ញាណ (​មិនដឹង​ប្រភព ឬ​មូលហេតុ​) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជំងឺ​ប្រភេទ​នេះ អ្នកដំណើរ​ដែលមាន​គ​ម្រោ​ង​ធ្វើដំណើរ​ទៅ ឬ​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន ត្រូវ​ប្រុងប្រយ័ត្ន​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​តាម​សេចក្តីជូនដំណឹង​ថា មិនទាន់មាន​ករណី​ជំងឺ​ប្រភេទ​ខាងលើនេះ នៅ​ប្រទេស​កម្ពុជា​នៅឡើយ ហើយ​ក្រសួង​កំពុងតែ​តាមដាន​ដោយ​យកចិត្ត​ទុក​បំផុត នូវ​ស្ថានភាព​នៃ​ការកើតមាន​ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បានទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ជាពិសេស​អ្នកដំណើរ​ដែល​​មាន​គម្រោង​ធ្វើ​ដំ​ណី​រ​ទៅ ឬ​ត្រលប់​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន អំពី​ជំងឺ​រលាក​សូត​មិន​​ស្គាល់​អត្តសញ្ញាណ នូវ​ព័ត៌មាន​សំខាន់ៗ និង​វិធានការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ដែល​គួរ​យល់ដឹង ដូចតទៅ ​៖

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមបញ្ជាក់ថា មិនទាន់មាន​ករណី​ជំងឺ​ប្រភេទ​ខាងលើនេះ​នៅ​
​ប្រទេស​កម្ពុជា​នៅឡើយ ហើយ​ក្រ​សូង​កំពុងតែ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព​នៃ​ការកើតមាន​ករណី​ជំងឺ​​រលាក​សូត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បានទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ដែល​ករណី​​ជំងឺ​រលាក​សួត​ប្រភេទ​នេះ ត្រូវបាន​រកឃើញ និង​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ខេត្ត​​ហ៊ុយ​បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​រោគសញ្ញា​ភាគច្រើន គឺ​ក្តៅខ្លួន​មាន​អ្នក​ជំ​ង​ពីរ​-​បីនាក់​មាន​រោគសញ្ញា​ហត់​ ​ហើយ​ថតកាំរស្មីអ៊ិច​បង្ហាញថា​មាន​ដំបៅ​សួត​សងខាង​។ លទ្ធផល​ទទួលបាន​ពី​មន្ទីរពិសោធន៍ បាន​បញ្ជាក់ថា ជំ​ងឺ​ដែល​កំពុង​​កើតឡើង​នេះ មិនមែនជា​ជំងឺ SARS ឬ​ជំងឺផ្ដាសាយបក្សី ឬ​ជំងឺ​ផ្តាសាយ​បន្តរ​ដោយ​វីរុស​រដ​ណូ (aderovirus) ឬ​ជំ​ងឺ MERS ឬក៏​ជំងឺ​ផ្លូវដង្ហើម​ដ៏ទៃទៀត​នោះឡើយ​។ ការអង្កេត​ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍​នៃ​ប្រទេស​ចិន កំពុង​បន្តធ្វើ​ទៀត​ ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​នៃ​ជំងឺ​រលាក​សូត​ចម្លែក​នេះ​។ តាម​របា​យកការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក ក៏បាន​បង្ហាញ​ផងដែរ​ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ ​ហើយក៏​មិនទាន់មាន​ការចម្លង​ទៅ​បុគ្គលិក​សុខាភិបាល​នោះដែរ​។ នៅពេលនេះ អ្នកជំនាញ​កំពុងតែ​ប្រមូល​ព័ត៌មាន​អេ​ពី​ដេ​មី​សាស្ត្រ និង​មន្ទីរពិសោធន៍​បន្ថែមទៀត ដើម្បី​កំណត់​រក​អត្តសញ្ញាណ​នៃ​វីរុស​។​

​គិត​ត្រឹម​ម៉ោង ៨ ព្រឹក​នា​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ក្រុង​វូ​ហាន បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​សរុប​ចំនួន ៥៩​នាក់ ដែលមាន​ជំងឺ​រលាក​សួត​ដោយសារ​វីរុស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ក្នុងនោះ​មាន ៧ នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អ្នក​​ជំងឺ​ដទៃទៀត​មាន​ស្ថានភាព​ហ្នឹង​នរ​។ នាពេល​បច្ចុប្បន្ន អ្នកជំងឺ​ទាំងអស់​កំពុង​ទទួល​ការព្យាបាល​ដោយ​ដាក់​ឲ្យ​នៅ​ដាច់​​ដោយឡែក​ពី​គេ ហើយ​គ្មាន​អ្នកស្លាប់​ទេ​។ ក្នុងចំណោម​អ្នកជំងឺ ៥៩ នាក់ អ្នកជំងឺ​ដំបូង​បានចាប់ផ្តើម​ឈឺ​នៅ​ថ្ងៃទី ១២ ខែធ្នូ​ ​ឆ្នាំ ២០១៩ និង​អ្នកជំងឺ​ចុងក្រោយបង្អស់​បានចាប់ផ្តើម​ឈឺ​នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩​។ អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​មាន​ ១៦៣​នាក់ ដែល​កំពុង​តាមដាន​សម្រាប់​ការសង្កេត​​ផ្នែក​វេជ្ជសាស្ត្រ​បន្ត​។ ការធ្វើអង្កេត​អេ​ពី​ដេ​មី​សាស្ត្រ​បាន​បង្ហាញថា អ្នក​​ជំងឺ​ខ្លះ​ជា​ឈ្មួញកណ្តាល ឬ​ជា​អ្នកលក់​ផ្ទាល់​(​ម្ចាស់​ផ្ទាល់​) ឬ​អ្នក​បំរើសេវា​ផ្ទាល់ នៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ​ហូ​ណាន​ដែល​ជាទី​​ផ្សារ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​ដ៏​ធំជាងគេ​ក្នុង​ខេត្ត​នេះ ដែលមាន​តូប​លក់​គ្រឿង​សមុទ្រ ជាង​៦០០​តូប និង​មាន​អ្នកបំរើ​ការងារ​ចំនួន​១៥០០​នាក់ មាន​សត្វព្រៃ​ក៏ត្រូវ​បានដាក់​លក់​នៅ​ផ្នែក​ខ្លះ​នៃ​ទីផ្សារ​នេះដែរ​។​

​បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​កម្ពុ​ជា កំពុង​បន្ត​តាមដាន​ស្ថានភាព​នៃ​ជំងឺ​នេះ​នៅក្នុង​តំបន់ ដោយមាន​ការប្រឹក្សា​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​សូម​ជម្រាបជូន​ផងដែរ​ថា នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ករណី​ជំងឺ​បែបនេះ​កើតមាន​នោះទេ​​។ ក្នុង​គោលបំណង​ការពារ​ទុកជាមុន​នូវ​ការកើតឡើង​ជាយថាហេតុ​នៃ​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​នេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​​សូម​ឲ្យ​អ្នកធ្វើដំណើរ​ដែល​ទៅ ឬ វិលត្រឡប់​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​មានការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ដោយ​អនុវត្ត​នូវ​វិធានការណ៍​សាមញ្ញៗ​មាន​ដូចខាងក្រោម​នេះ​។​

​ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ទាំង​ក្នុងអំឡុងពេល ធ្វើដំណើរ ឬ​បន្ទាប់ពី​ការ​វិលត្រឡប់​មកពី​កន្លែង​ដែល​បាន​ជម្រាប​ខាងលើ សូម​ទៅ​ជួប​វេជ្ជបណ្ឌិត (​នៅ​គ្រឹះស្ថាន​សុខា​ភិ​បាល​សាធារណៈ​ដែល​នៅ​​ជិត​បំផុត​ភ្លាម​) នឹង​ប្រាប់​ពត៌មាន​ដល់​គ្រូពេទ្យ​អំពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​​រោគ​​សញ្ញា​របស់លោក​អ្នក​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា​៖ ខ្ញុំ​សូម​ប្រកាស​ធ្វើ​ការ​​​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការបង្ការ​ការចម្លង​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​អាច​កើតមាន​ជាយថាហេតុ ដោយ​អនុវត្ត​នូវ​វិធានការណ៍​ដូចតទៅ ៖ ១. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រេច​។ ២. លាងដៃ​ឲ្យ​បាន​ញឹកញាប់ (​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​) ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​ឬ​​បរិស្ថាន​ជុំវិញ​គាត់​។ ៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូ​ណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ​។ ចាំបាច់ ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុនពេល និង​បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ​។ ៤. ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជា ពិសារ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ។ ៥. អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រេច ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​។ ៦. ត្រូវប្រកាន់យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​ក​ណាស់​៧.​លាងដៃ បន្ទាប់ពី​មាន​ប៉ះ​ជាមួយ ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ចមួយ​ច្រើនជាង​១​ម៉ែត្រ​ជាមួយ​បុគ្គល​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាវ ជាដើម។​

​ទោះជា​នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ករណី​ជំងឺ​នេះ​នៅឡើយ ប៉ុន្តែ ក្រសួងសុខាភិបាល​បានដាក់​ម៉ាស៊ីន​ស្កេ​ន​​កំដៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុងព្រះសីហនុ និង​សៀមរាប និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ច​ត្តា​​ឡី​ស័​ក្ត​នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ត្រៀម​សម្ភារៈ បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការព្យាបាល​ផងដែរ​។ ក្រសួង​ក៏បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ទាំង​២៥​រាជធានី​-​ខេត្ត ឲ្យ​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងការ​ឆ្លើយតប និង​ផ្តល់​អន្តរាគមន៍​ជាបន្ទាន់ ប្រសិនបើ​មាន​ករណី​សង្ស័យ និង​​កំពុង​ពង្រឹង​ការងារ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង បាន​ពិនិត្យ​វាយតម្លៃ​រក​លំនាំ​មិនធម្មតា​នៃ​ជំងឺ​នេះ​ជានិច្ច​៕ ដោយ​៖​កូ​ឡាប​