វីរុសរលាកផ្លូវដង្ហើមចម្លែកដែលផ្ទុះនៅប្រទេសចិន បានឆ្លងមកដល់ប្រទេសថៃហើយ

381


(បាងកក)៖ អ្នកដំណើរជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញថា បានឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីដែលរីករាលនៅក្នុង ប្រទេសចិន នៅពេលអ្នកដំណើររូបនេះបានមកដល់ប្រទេសថៃ ប៉ុន្តែពេលនេះគាត់កំពុងតែទទួលការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយនឹងអាចចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅចិនវិញបានក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសពីដំណឹងខាងលើនៅថ្ងៃចន្ទនេះ។ បើតាមលោក ភ្ញៀវទេសចរចិន ម្នាក់នោះ ជាស្រ្តីវ័យ៦១ឆ្នាំ ដែលកំពុងបន្តសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ចាប់តាំង ពីថ្ងៃពុធសប្តាហ៍មុនមក ។ លោក Anutin បានបញ្ជាក់ថា នាពេលនេះ អ្នកជំងឺលែងមានអាការគ្រុន ឬក៏រោគសញ្ញារលាកផ្លូវដង្ហើម ទៀតហើយ ខណៈប្រសិនបើក្រុមវេជ្ជបណ្ឌិតសម្រេចថា គាត់លែងអីមួយរយភាគរយហើយនោះ គាត់នឹងអាចចាកចេញពីមន្ទីរពេទ្យបាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ចំណែកមនុស្សចំនួន១៦នាក់ផ្សេងទៀត ដែលបាននៅកៀកស្រ្តីជនជាតិចិនខាងលើ ក្នុងជើងហោះហើរជាមួយគ្នា ត្រូវបានពិនិត្យ សុខភាព ប៉ុន្តែលទ្ធផលបង្ហាញថាអវិជ្ជមាន គឺពុំមានការឆ្លងវីរុសនោះឡើយ។ នៅឯប្រទេសចិន មនុស្សចំនួន៥៩នាក់ត្រូវបានរក ឃើញថាមានផ្ទុកវីរុសថ្មីនៃអម្បូរវីរុសគេហៅថា Coronavirus ដែលបានផ្ទុះឡើងក្រុង Wuhan ភាគកណ្តាលប្រទេសចិន ដែលក្នុង ចំណោមនោះ មានម្នាក់បានបាត់បង់ជីវិត។ អ្នកដំណើរចិនរូបនោះ គឺជាបុគ្គលទីមួយ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសប្រភេទថ្មីនេះ នៅក្រៅប្រទេសចិន។

គួរជម្រាបថា អម្បូរវីរុស Coronavirus មិនមែនសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ តែវីរុសមួយប្រភេទនៃអម្បូរវីរុសនេះហើយ ដែលបានបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរហៅថា SARS ដែលបានផ្តាច់ជីវិតមនុស្សរាប់រយនាក់កាលពី១៧ឆ្នាំមុន។ យ៉ាងណាមិញ បើតាមអង្កការសុខភាពពិភពលោក វីរុសដែលផ្ទុះឡើង នៅក្រុង Wuhan របស់ចិននេះ ហាក់មិនងាយឆ្លងពីមនុស្សទៅមនុស្សឡើយ ព្រោះពុំទាន់មានករណីឆ្លងតាមរបៀបនេះឡើយ ខណៈសត្វម៉្យាងអាចជាប្រភពចម្លងរីរុសនេះ។ ហើយម៉្យាងវិញទៀត មិនមានករណីអ្នកផ្ទុកវីរុសថ្មីនេះ ត្រូវបានរកឃើញទៀតនោះទេនៅក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃទី០៣ ខែមករានេះ៕