តុលាការ សម្រេចចោទប្រកាន់មេក្លោងគ្រឿងញៀនម្នាក់ នៅខណ្ឌច្បារអំពៅ ដាក់ពន្ធនាគារ២០ឆ្នាំ

27


(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ាឌី បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ឈ្មោះ អន ធី កំណត់២០ឆ្នាំ តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអង្គភាព Fresh News បានដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២៖០០នាទី កម្លាំងនគបាលជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះជួលលេខ 2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ អន ធី ភេទប្រុស ជនជាតិខ្មែរ កើត១៩៩២។
ដកហូតវត្ថុតាង គ្រឿងញៀន សរុបទម្ងន់១០២១.៣៩ក្រាម ក្នុងនោះ, ទី១៖ មេតំហ្វេតាមីន (ICE)៧៥៨.២ក្រាម, ទី២៖ អ៊ិចស្តាស៊ី (MDMA) ២៣៥.៧៤ក្រាម, ទី៣៖ កេតាមីន (Ketamine) ០.៤៥ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង៕