គណៈសង្ឃនាយក អំពាវនាវដល់វត្តអារាមទូទាំងប្រទេស ឲ្យអភិរក្សសំណង់បេតិកភណ្ឌបុរាណពុទ្ធសាសនា

45


សម្តេច​ព្រះមហា​សុមេ​ធា​ធិបតី ​កត្តិឧទ្ទេស​បណ្ឌិត​ នន្ទ ង៉ែត សម្តេចព្រះសង្ឃ​នាយក​នៃ​កម្ពុជា អំពាវនាវ​ដល់​វត្តអារាម​ទូទាំ​ង​​ប្រទេស ឲ្យអភិរក្ស​សំណង់​បេតិកភណ្ឌ​បុរាណ​ពុទ្ធសាសនា​ រួមមាន​ កុដិ វិ​ហារ សាលា​ ហោត្រៃ​ ធម្មមន្ទីរ ​បណ្ណាល័យ ​ដង់ទង់​ និងគំនូរបុរាណ​ជាដើម ។

សម្តេចព្រះសង្ឃ​នាយក​​ បាន​ប្រគេន​​ជូនដល់​​ព្រះ​មេ​គុណ​​គ្រប់​រាជធានី​ ខេត្តធ្វើ​ការផ្សព្វផ្សាយ​​ជាបន្ទាន់​ដល់ ព្រះអនុ​គណ ព្រះចៅ​អធិការ លោក​អាចារ្យ ​និងគណៈកម្មការគ្រប់វត្តទូទាំង​រាជធានី ខេត្ត ដើម្បី​ឲ្យ​បាន​​ជ្រួត​ជ្រាប និង​ចូល​រួម​​សហការណ៍​អនុវត្ត​ទប់ស្កាត់​កុំឲ្យ​​មាន​ករណី​​វាយ​កំទេច​សំណង់​​បេតិកភណ្​ឌពុទ្ធសាសនានៅ​ក្នុងវត្តអារាម ដូចជា​ករណីព្រះវិហារ​ខេត្តកំពង់ធំ ​និងសាលា​ធម្មមន្ទីរ​ខេត្តកំពង់ឆ្នាំង ​កន្លងមក​។ ចំពោះ​​វត្ត​ដែល​​មានសំ​ណង់​​​បេតិកភណ្ឌ​ពុទ្ធសាសនា ​ហើយ​មាន​បំណង​ជុសជួល​ត្រូវតែ​សុំការ​អនុញ្ញាត​ពីអាជ្ញាធរ​ មាន​​សមត្ថកិច្ចជាមុន ។

សម្តេចព្រះសង្ឃ​នាយក បានមានសង្ឃដីកាថា ក្នុង​ករណី​​ព្រះចៅអធិការ ​លោកអាចារ្យ​ គណៈកម្មការ ​វត្តណា​ ធ្វើ​ការរុះ​រើ ជួសជុល​ វាយ​ក​ម្ទេច នូវ​​ កុដិ វិហារ ​សាលា ​ហោត្រៃ ​ធម្មមន្ទីរ ​បណ្ណាល័យ ដ​ង់ទង់ ​និងគំនូរ​បុរាណ​ជាដើម ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ពីអាជ្ញាធរ ឬក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​ព្រះចៅ​អធិការ ​លោកអាចារ្យ ​គណៈកម្មការ ​វត្តនោះ​ ត្រូវទទួល​ខុសត្រូវ​ចំពោះ​​មុខច្បាប់​ជាធរ​មាន។

គួរបញ្ជាក់ថា សារាចរ​អន្តរក្រសួង​លេខ០១ ស.រ.ច. ចុះ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ ​របស់ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​និង​ ក្រសួង​ធម្មការ​និង​សាសនា​ ស្តីពី​ការហាម​ឃាត់​ដាច់ខាត​រាល់​សកម្មភាព​វាយកម្ទេច​បំផ្លិចបំផ្លាញ​ ធ្វើឲ្យ​បាត់បង់ ឬធ្វើឲ្យខូច​ខាត និង​ការ​ប្តូរ​រូបរាង​សំណង់​
បុរាណ​ គំនូរបុរាណ​ និងវត្ថុ​បុរាណ​នៅតាម​វត្តអារាម ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ៕