ឌីជេ ឡាយអិន និង​បក្ខពួក​៣នាក់​ទៀត ជាប់​ពន្ធនាគារ​​ពី​​៤​ទៅ​១៥ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន!

54


(ភ្នំពេញ)​៖ អតីតពិធីករ លោក ហែម បូរិទ្ធ ដែលទស្សនិកជនស្គាល់ច្បាស់ថាជា ឌីជេ ឡាយអិន រួមជាមួយនឹងបក្ខពួក៣នាក់ទៀត នៅរសៀលថ្ងៃទី២០ ខែមករានេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ រយៈពេលពី៤ឆ្នាំរហូតដល់១៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដែលបានប្រព្រឹត្តកាលយប់ថ្ងៃទី១៩ខែមករា នៅក្នុងក្លឹបកម្សាន្តរ៉ុក។

ជនជាប់ចោទទាំង៤នាក់ ដែលរួមមានទាំងអតីតពិធីករ ឌីជេ ឡាយអិន ម្នាក់ផងនោះ បានជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពី​វេលា​ម៉ោង​២និង​២០នាទី ឈាន​ចូល​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ក្នុងនោះសមត្ថកិច្ច​ដកហូត​វត្ថុតាង​នៅ​​ក្នុង​បន្ទប់​១០៨ ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក រួមមាន ១.ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣៧៤.៣៩​ក្រាម​ ២.សារធាតុ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ចំនួន​១៥៦២​គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣.អាវុធខ្លី​១​ដើម (​ឡុ​ក​) ៤.ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង។

បើតាមលោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង គឹមឡាក់ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការប្រកាសសាលក្រមលើក្រុម ឌី​ជេ ឡាយ អិន ដោយផ្តន្ទាទោស ជនជាប់ចោទ១.ឈ្មោះ ហែម បូរិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ពិធីករ​ទូរទស្សន៍ (​ឌី​ជេ​ឡាយ​អិន​) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន និង ២.ឈ្មោះ ម៉ៅ ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំពិន័យ៦លាន នឹង ៣.ឈ្មោះ អុិន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដាក់ពន្ធនាគារ ១១ឆ្នាំពិន័យ២០លានរៀល និង៤.ឈ្មោះ​ស៊ិន សម្ភស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ ១៥ឆ្នាំ ពិន័យ​២០លានរៀល សាលក្រមនេះដែលក៏បានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕