តោះ! គាំទ្រ​គំនិតកូន​ខ្មែរ​ ដែល​​ចង់​ច្នៃ​កង់​ឈើ​​លក់​​នៅ​​ស្រុក​ខ្មែរ​

69


ភ្នំពេញៈ លោក រឹម រឿន ជាង​ចម្លាក់ឈើ​ ដែល​​មិន​ធ្លាប់​បាន​រៀន​ជំនាញ​សិល្បៈ​ចម្លាក់​ពី​សាលា​សិល្បៈ​ ដោយ​គ្រាន់​​តែបាន​រៀន​ត​អ្នក​ជំនាន់មុន​​ បូក​ផ្សំ​នឹង​ការ​ដក​ពិសោធន៍ដោយ​​ខ្លួន​ឯង​​​ លើចម្លាក់​ឈើ​នេះ​ជា​​ច្រើន​ឆ្នាំ​​​នៅ​​ចន្លោះ​​ឆ្នាំ​២០០៤-២០១១។ ហើយ​លោក រឹម រឿន ធ្លាប់​បាន​ចូល​​បម្រើ​ការ​ងារ​​នៅ​សាលា​មធ្យ​ម​វិចិត្រ​​​សិល្បៈ​​កាល​ពី​ឆ្នាំ​២០១១ រហូត​មក​ដល់​ឆ្នាំ​២០១៩ ក្នុង​នាមជា​គ្រូ​ផ្នែក​សិល្បៈ​សូន​រូប​ ខណៈ​ពេល​​បច្ចុ​ប្បន្ននេះ​ ​លោក​មក​បើក​​​សិប្ប​កម្ម​​​ចម្លាក់​ឈើ​ផ្ទាល់ខ្លួន​​​​វិញ​​​​​​​នៅ​ផ្ទះ​​​លោក​ នៅ​​តំបន់​ភ្នំ​​បា​សិដ្ឋ។​ ​

​ទៅ​ថ្ងៃ​ខាង​មុខ​នោះ ក៏​ចង់​សម្រេច​ការ​ច្នៃ​ទោចក្រ​យាន​ធ្វើ​ពី​ឈើ​នេះ ឲ្យ​បាន​សម្រេចជា​សមិទ្ធ​ផល​ពិត​ប្រាកដ​​ដើម្បី​ចរាចរណ៍​លក់​នៅ​លើ​ទី​ផ្សារ​ដែរ ក្រោយ​ពី​មាន​បង​ប្អូន​ខ្មែរ​យើង​ម្នាក់​ នៅឯ​​ប្រទេស​​​អាល្លឺ​ម៉ង់​ គាត់​​​យកកង់​​ឈើ​គំរូ​មួយ​គ្រឿង ​​​កាលពី​ឆ្នាំ​កន្លង​មក​ឲ្យ​ខ្ញុំ​ធ្វើជា​គំរូ​ ដើម្បី​​​ច្នៃ​​លក់​នៅ​ក្នុង​​ស្រុក​ខ្មែរ​។​ ក្រោយ​​ពី​ខ្ញុំ​បាន​ឃើញ និង​សាកល្បង​​ជិះ​វាមួយ​រយៈ​មក​ ខ្ញុំ​​គិតថា​ ​ខ្ញុំ​​​​ពិត​ជា​​អា​ចច្នៃ​វា​បានឲ្យ​តែ​មាន​ទី​ផ្សារ​​លក់​ និង​ដៃ​គូ​សហ​ការ​ផលិត​»។​​​ លោក​ រឹម រឿន ​បាន​ឲ្យដឹ​ង​ពី​បទ​ពិសោធន៍​នៃ​ការ​សាក​ល្បង​ជិះ​កង់​​ឈើ​​​​​កន្លង​​មក​ថា៖ «​ខ្ញុំ​​ជិះ​​វា​មួយ​រយៈ​ដែរគេច​ជិះ​នៅ​លើ​ចម្ងាយ​គោល​ដៅ​ពី​ស្ពាន​ក្បាលថ្នល់មក​ផ្ទះ​ខ្ញុំ​នៅ​​តំបន់​​ភ្នំ​បាសិដ្ឋ​​ ហើយ​គុណ​ភាព​វា​មិន​ចាញ់​កង់​ដែក​ទេ​។​ សម្រាប់​ខ្ញុំ​​គិត​ថា កង់​នេះ​ស័ក្តិសម​សម្រាប់​អ្នក​និយម​ជិះ​ហាត់​ប្រាណ​ ឬ​​ជិះ​កម្សាន្ត​លេង​នៅ​តាមជាយ​ក្រុង​»។​

ការ​​ច្នៃ​​កង់​ឈើ​នេះ អាច​ត្រូវ​ការ​​ច្នៃ​ ១​ សប្តាហ៍​ សម្រាប់​ ១​ គ្រឿង ខណៈ​តម្លៃ​ពល​កម្ម​នៃ​ការ​ច្នៃ​កង់ ​១​គ្រឿង​ ត្រូវ​បាន​ជាង​ចម្លាក់​ឈើលោក រឹម រឿន ​ប្រាប់​​តម្លៃ​កសម្រាប់​ការ​សាក​ល្បង​ថា «ដោយសារ​នេះ​គឺ​​​ជា​ការ​សាក​ល្បង​នោះ ខ្ញុំ​គ្រាន់​តែ​​គិតពី​​តម្លៃ​ពល​កម្ម​នៃ​ការ​ច្នៃ​កង់​ឈើ ១​ គ្រឿង​​ ក្នុង​តម្លៃត្រឹម​៣៥០ ដុល្លារ ហើយ​ទៅ​ថ្ងៃ​មុខ​តម្លៃ វា​​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ ប្រសិន​បើ​ការសាកល្បង​សម្រាប់​កង់​ ១​ គ្រឿង​នេះ​ វា​​​​មិន​សម​​នឹង​ការ​ចំណាយ​ពេល និង​តម្លៃ​ពល​កម្ម​នោះ​។ ចំពោះ​តម្លៃ​លក់​វិញ​នោះ ខ្ញុំ​ក៏​​មិន​ទាន់​​​​​​​ហ៊ាន​​សន្មត់​ថា​តម្លៃ​កង់​ ១ គ្រឿង​លក់ នឹង​មាន​តម្លៃ​ប៉ុន្មាន​នៅឡើយ​​ទេ ​សម្រាប់ការ​លក់​នៅ​​លើ​ទី​ផ្សារ​ ព្រោះ​​​​ថា​​ គ្រឿង​បំពាក់​កង់​​​ឈើ​នេះ គឺ​សុទ្ធ​តែ​មាន​គុណ​ភាព​ល្អ​ ហើយ​មាន​ភាព​ធន់ ​មិន​ចាញ់ទៅ​នឹង​គុណ​ភាព​​របស់​​កង់ ​ដែល​​​​ផលិត​​​ពី​ដែក​​​សុទ្ធ​នោះ​ឡើយ​»។​

   
​ការ​​ចង់​សម្រេច​ការច្នៃ​កង់​ឈើ​នេះ លោក​ រឹម រឿន ក៏​​ប្រាប់​​បញ្ជាក់ថា៖ «រឿង​ច្នៃ​កង់​ឈើ​ឲ្យបាន​សម្រេច​នោះ វា​​មិន​ពិបាក​ឡើយ ​គឺ​ខ្ញុំ​ធានា​នឹង​ធ្វើ​បាន តែ​អ្វី​ដែល​ជា​​ឧប​សគ្គ​​នោះ ​គឺ​​​ដើម​ទុន​នៃ​ការ​ផលិត​ និង​តម្លៃលក់​នៅ​លើ​ទី​ផ្សារ​។​ ហើយ​ប្រសិន​បើ​ មាន​ដៃគូ​សហការ​គ្នាលក្ខណៈ​គេហៅថា ​ខ្ញុំ​មាន​គំនិត​ និង​ដៃ​គូ​សហការ​គេ​មាន​ដើម​ទុន​​នោះ ​ក៏​​ល្អ​ ​ដែរ ឆាប់​​​បាន​សម្រេច​​​​​»។​
លោក រឹម រឿន បានរំលឹក​​ឲ្យ​ដឹង​ស្នាដៃ​លោក​ដែរ​​ថា៖ «កាល​ឆ្នាំ​២០១៨ ខ្ញុំ​បាន​ឆ្លាក់​​រូប​ក្រដាស់រូបិយ​វត្ថុ​ខ្មែរ​​មួយ​ផ្ទាំង​ គឺ​ជា​ក្រដាស​​ប្រាក់ ១០ ម៉ឺន​រៀល ឬ ​១ សែន​រៀល​ នាពេល​ប្រារព្ធ​កម្ម​វិធី​ទិវា​​វប្បធម៌​ឈើ​អន្តរជាតិ​ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប។ ចំណែកស្នាដៃ​ចម្លាក់​ក្បាច់​រឿង​លើ​ផ្ទាំង​ឈើ​ធំៗ​វិញ​ យើង​គិត​តម្លៃ​​ជា​ម៉ែត្រ​ការ៉េ ខណៈ​ទំហំ ១ ម៉ែត្រ​ការ៉េ​ តម្លៃ ១០០០ ដុល្លារ​»។​

លោក រឹម រឿន ​ជា​ជាង​ចម្លាក់​ឈើ​​ដ៏​ល្បី​មួយ​រូប នៅ​ប្រទេស​កម្ពុជា​ ដោយ​សារ​ធ្លាប់​​បង្កើត​​​ឲ្យ​ស្នាដៃ​ចម្លាក់​​ឈើដ៏​លេចធ្លោ​ប្រណីតៗ នា​ពេល​​ពីរ​បី​ឆ្នាំ​ជាប់​គ្នា​កន្លង​មក​ ដូចជា​​​ឆ្នាំ​២០១៧ លោក​​​បាន​បង្កើត​ស្នា​ដៃ​ចម្លាក់​ឈើ​រូប​អប្សរា​ដ៏​ល្អ​ឯក​ នៅ​ឆ្នាំ​២០១៨ លោក​បាន​បង្កើត​ស្នាដៃ​ចម្លាក់​​​ឈើ​​រូប​​​ក្រដាស​ប្រាក់​ខ្មែរ​​មួយ​ផ្ទាំង​ដ៏ធំ​ គឺ​ជា​ក្រដាស​ប្រាក់ ​១​ សែន​រៀល និង​​​​ឆ្នាំ​២០១៩ នេះ លោក​បាន​បង្កើត​​នូវ​ស្នាដៃ​លេចធ្លោ​ច្រើន​ មាន​តម្លៃ​រាប់ពាន់​ដុល្លារ​​។ ស្នាដៃ​ទាំង​នោះ​ជា​​ប្រភេទ​​​ចម្លាក់​ក្បាច់​រឿង ​ដែល​​មាន​ដូច​ជា​​ចម្លាក់​​​រឿង​​​ស្តីពី​​ការ​កូរ​សមុទ្រ​ទឹក​​​​ដោះ​ ដែល​ជា​ចម្លាក់​សិល្បៈ​វប្បធម៌​ខ្មែរ​ ​មាន​​នៅ​តាម​​ជញ្ចាំង​​ប្រាសាទ​អង្គរ​​វត្ត​ជាដើម​​៕​