ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរនៅលើនាវា គឺមិនមានឲ្យស្នាក់នៅក្នុងក្រុងព្រះសីហនុទេ ហើយអ្នកនៅលើនាវានោះក៏មិនអនុញ្ញាតឲ្យចេញពីនាវាដោយសេរីដែរ

40


ខេត្តព្រះសីហនុ៖ គិត​មកត្រឹម​ម៉ោង​ ១១​ ព្រឹក​នេះ​ នាវាទេសចរណ៍​ខ្នាតយក្ស​របស់សហរដ្ឋអាមេរិកមិនទាន់បានចូលចតកំពង់ផែនៅឡេីយទេ​។ ក្នុងនោះផងដែរ អាជ្ញាធរ​ក៏មិនអនុញ្ញាតអោយ​មានមនុស្ស​ចូលទៅជិតនាវាឡេីយ​ ហេីយក៏មិនអនុញ្ញាតអោយភ្ញៀវនៅលេីកប៉ាល់ចេញពី​នាវា​ដោយសេរីដែរ​ លេីកលែង​តែ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​រួច​។

តាមរយៈការផ្តល់កិច្ចសំភាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “តាមការរៀបចំ គឺយើងមិនមានឲ្យមានការស្នាក់នៅក្នុងក្រុងព្រះសីហនុទេ យើងបានឯកភាពក្នុងការរៀបចំថា យើងនឹងធ្វើការពិនិត្យពួកគាត់នៅលើកប៉ាល់ ហើយក្នុងចំណោមអ្នកនៅលើកប៉ាល់ គឺមិនមានតម្រូវការក្នុងការចុះទាំងអស់ទេ គាត់ចុះតែទេសចរមួយចំនួនណា ដែលគាត់បានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរតាមផ្លូវហោះហើរតែប៉ុណ្ណោះ ហើយក្រុមការងារដែលឡើងទៅលើកប៉ាល់ កំពុងធ្វើការរៀបចំតើទេសចរណាខ្លះ ដែលមានសំបុត្រយន្តហោះហើយនឹងត្រូវបន្តដំណើរតាមជើងយន្តហោះ”។ ឯកឧត្តមបានបញ្ជាក់ថា យើងក៏បានត្រៀមរថយន្ត សម្រាប់ដឹកភ្ញៀវទេសចរ​ចេញពី​កប៉ាល់​ឆ្ពោះទៅ​ព្រលាន​យន្តហោះ​ កេងកង​ ខេត្ត​ព្រះ​សីហនុ​ ផងដែរ៕