កីឡាករបាល់ទាត់អាជីពនៅអ៊ីតាលីចំនួន៣នាក់បានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19

295


អ៊ីតាលី៖ កីឡាករបាល់ទាត់អាជីពនៅក្នុងប្រទេសអ៊ីតាលីចំនួន ៣ នាក់ត្រូវបានគេពិនិត្យរកឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19។ ជនរងគ្រោះទាំង ៣រូបនេះគឺជាសមាជិកនៅក្នុងក្លឹបបាល់ទាត់ US Pianese ដែលកំពុងតែលេងនៅក្របខណ្ឌបាល់ទាត់កម្រិត ៣ ឬ Italy Serie C។ ក្រៅតែពីមានកីឡាករបាល់ទាត់ក៏មានដែរបុគ្គលិកម្នាក់ទៀត ដែលបម្រើការងារជាជំនួយការនៅក្នុងក្លឹបបាល់ទាត់មួយនេះ បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19 ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail

បច្ចុប្បន្នជនរងគ្រោះទាំង ៤ នាក់កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលបានការព្យាបាល ខណៈក្លឹបបាល់ទាត់ទាំងមូលនៅដំណើរការជាធម្មតា តែមានការតាមដាន និងពិនិត្យសុខភាព គ្រប់សមាជិកទាំងអស់ញឹកញាប់ និងតឹងរឹងជាងធម្មតា។ គួរជម្រាបជូនថា ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី COVID-19 នៅក្នុងប្រទេសអ៊ីតាលីបានជះឥទ្ធិពលអាក្រក់ដល់វិស័យបាល់ទាត់ក្នុងប្រទេសមួយនេះយ៉ាងខ្លាំង ដូចជាការប្រកួតធំៗមួយចំនួនត្រូវបានពន្យាពេលឬការប្រកួតចំបាច់មួយចំនួនត្រូវបានរៀបចំឡើងដោយមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់ឡើយ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 សរុបចំនួន ១ ៧០១ ករណី និងមានអ្នកស្លាប់ចំនួន ៤១ ករណីផងដែរ៕

ប្រភព៖ DailyMail